(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំមន្ត្រីពាក់ព័ន្ធមកទទួលយកទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យមួយចំនួនធំ ដើម្បីតម្កល់ទុកបន្ត ចែកជូនជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះតាមមូលដ្ឋាន ក្រោមការឧបត្ថម្ភពីព្រះចៅអធិការគង់ នៅវត្តឧត្តរាវតី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
ថ្លែងនាឱកាសនេះ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក ជា ពិសី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ទីបធម្មោ ដែលជាចៅអធិការវត្តឧត្តរាវតី ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្នុងការលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើន លូតលាស់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្រៅពីការថ្លែងអំណរគុណ លោក ជា ពិសី បញ្ជាក់ថា លោកនឹងបន្តនាំយកនូវទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ ក៏ដូចជាបច្ច័យ ដែលទទួលបានមកនេះ ដើម្បីបន្តចែកជូនជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា សម្រាប់ទេយ្យទានទាំងនោះ រួមមាន៖ អង្ករ៨បេ, បន្លុង១០សម្រាប់, មី១៥០កេស, ទឹកដោះគោ១៥០កំប៉ុង, តែ៥០កញ្ចប់, ស្ករស៤០គីឡូ, ទឹកត្រី-ទឹកស៉ីអ៉ីវ០៣យួរ, អំបិល២០គីឡូ, ទឹកបរិសុទ្ធ១២កេស, ត្រីខ កំប៉ុង៥០កំប៉ុង និងថវិកា (បច្ច័យ) ចំនួន៣លានរៀល៕