(ភ្នំពេញ)៖ តាមគម្រោងរបស់សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង ក្រៅពីត្រៀមបុកស៉ីផាយទុក៣០ម៉ែត្រ ស្តុកទឹកក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការកែលម្អរសោភណ្ឌភាពប្រឡាយអូរវែង ដែលមានប្រវែងជាង៤គីឡូម៉ែត្រ (៤៤៥០ម៉ែត្រ) គឺធ្វើផ្លូវប្របមាត់ប្រឡាយ២ខ្សែ ប្រវែង១០ម៉ែត្រ (សង្ខាង២០ម៉ែត្រ)ទៀត។
ពិសេសប្រប និងផ្លូវ១០ម៉ែត្រ២ខ្សែនេះ បានទុក១៥ម៉ែត្រផ្សេងទៀត ដើម្បីជាលំនៅដ្ឋានជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់លើផ្លូវរថភ្លើងជាច្រើនគ្រួសារ ចាប់ពីហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក រហូតមកដល់ចំណតយាន្ដដ្ឋានសុរិយាដឹកអ្នកដំណើរ ក្នុងសង្កាត់ឫស្សីកែវ។
នេះបើតាមការលើកឡើងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីលោកដឹកនាំក្រុមការងារពាក់ព័ន្ធចុះត្រួតពិនិត្យជាក់ស្ដែង ដើម្បីលើកប្លង់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងចាក់ដីបំពេញបន្ថែម ក្នុងការចាប់ផ្ដើមធ្វើផ្លូវជុំហ៊ានដំបូង ចាប់ពីត្រង់ចំណុចស្ពានក្បែរវត្តទួលសន្តិវ័ន្ដ (វត្តទួលអស់លោក) នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោក ជា ពិសី លើកឡើងថា បន្ទាប់ពីលើកប្លង់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងចាក់ដីបំពេញបន្ថែម ក្នុងការចាប់ផ្ដើមធ្វើផ្លូវជំហ៊ានដំបូង ដែលជាគម្រោងមួយរបស់សាលារាជធានីភ្នំពេញនេះ អាជ្ញាធរគ្រោងរៀបចំបុកស៉ីផាយឆាប់ៗ ដើម្បីកែលម្អរសោភណ្ឌភាពប្រឡាយអូរវែង ចាប់ពីហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក រហូតមកដល់ចំណតយាន្ដដ្ឋានសុរិយាដឹកអ្នកដំណើរ ក្នុងសង្កាត់ឫស្សីកែវ ដោយទុក៣០ម៉ែត្រ នៃទំហំប្រឡាយ សល់ពីនេះរក្សាទុក១០ម៉ែត្រទៀតធ្វើផ្លូវ ទាំងសង្ខាង២០ម៉ែត្រ សម្រាប់ធ្វើចរាចរណ៍។
លោកអភិបាលខណ្ឌ លើកឡើងទៀតថា ទំហំប្រឡាយអូរវែងនេះ មិនត្រឹមតែអាចកែលម្អរសោភណ្ឌភាពបាននោះទេ ក្រៅពីស្ថាបនាផ្លូវចេញជារូបរាង ទទឹង១០ម៉ែត្រ (សង្ខាង២០ម៉ែត្រ) ចំណែកដែលនៅសល់១៥ម៉ែត្រផ្សេងទៀត ពីចំណីប្រឡាយអូរវែងនេះ បានរក្សាទុកជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងផលប៉ះពាល់លើផ្លូវរថភ្លើងច្រើនឆ្នាំមកហើយ ដើម្បីសាងសង់លំនៅដ្ឋាន ក្រោមការគិតគូពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕