(ភ្នំពេញ)៖ ប្រតិកម្មធ្ងន់ធ្ងរ ទៅនឹងអ្វីដែលលោក សម រង្ស៉ី កំពុងញុះញង់នៅឯនាយសមុទ្រនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសហៅលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិថា «អាឆ្កែ» ចាប់ពីពេលនេះតទៅ។
ការប្រកាសបែបនេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី ប្រកាសចូលចាប់សម្តេចតេជោ ហ៊ុន សែន ហើយប្រឌិតរឿងញុះញង់ថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកសម្លាប់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលជាដន្លងរបស់ខ្លួន ព្រមទាំងអះអាងថា កូនច្បងរបស់លោក ហុក ឡង់ឌី គឺលោក ឌី វិជ្ជា ដែលជាកូនប្រសាររបស់សម្តេចតេជោ ហ៊ុន សែន ដែរនោះកំពុងរកវិធីសងសឹក តាមរយៈការសហការជាមួយសម្តេចក្រឡាហោម ស ខេង។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលសម្តេចបានប្រកាសធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី នៅទីក្រុងតូក្យូ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាចេតនារបស់សម្តេច ចង់ឱ្យពួកគេដឹង។
សម្តេចបញ្ជាក់ថា «ពាក្យប្រកាសថាចាប់ ហ៊ុន សែន មានន័យថាម៉េច មានន័យស្មើនឹងប្រកាសសង្គ្រាម អញ្ចឹងបានខ្ញុំថា អាឆ្កែ១ក្បាលនេះ ខ្ញុំកំដរដល់ទីបញ្ចប់ សូមអញ្ជើញមកចុះ គេបានធ្វើចលនាឱ្យកងទ័ព ឱ្យប្រជាពលរដ្ឋចាប់ ហ៊ុន សែន...ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តី តើការចាប់នេះមានតម្លៃស្មើអ្វី គឺស្មើនឹងរដ្ឋប្រហារ ស្មើការប្រកាសធ្វើសង្រ្គាម»។
សម្តេចតេជោ បានបន្ថែមថា៖ «ឥឡូវចេញមក វាឱ្យកូនខ្ញុំមកសងសឹកខ្ញុំទៅទៀត អាឆ្កែ១ក្បាលនេះ ប៉ុន្តែអាឆ្កែ១ក្បាលនេះ កាលពីមុនស្រួលប្រើមែនទែន ប្រើវាឱ្យជួយកែរដ្ឋធម្មនុញ្ញពី២ភាគ៣ មកត្រឹម ៥០+១ ប៉ុន្តែអាឆ្កែ១ក្បាលនេះក្បត់ម្ចាស់រហូតដូចឪវាអញ្ចឹង ហ្អែងឈ្លើយម្ល៉េះ ហើយបានវិទ្យុមួយទេគ្រាន់សម្ភាស អញប្រើហ្អែង ហើយចាប់ពីថ្ងៃនេះទៅ អញហៅហ្អែងតែអាឆ្កែទេ អាឆ្កែកូនអាក្បត់ជាតិ ហ្អែងចេះជេរអញ អញក៏ចេះជេរហ្អែងដែរ»។
លោក សម សារី ដែលជាឪពុករបស់ លោក សម រង្ស៉ី គឺជាអ្នកនយោបាយជំនាន់សង្គមរាស្រ្តនិយម ដែលត្រូវបាន អតីតព្រះមហាក្សត្រ ហៅថា ជាជនក្បត់ជាតិ។ តាមឯកសាររបស់ «សមាគមឯកសារវិទូខ្មែរ» បានរៀបរាប់ថា លោក សម សារី ក្នុងអំឡុងឆ្នាំ១៩៥៦ បានលួចឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងចេតនាផ្តួលរំលំរបបសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ ដែលជាប្រមុខដឹកនាំបានផ្តល់គុណូបការៈគុណជាច្រើនសម្រាប់រូបលោក។ ល្បិចកិច្ចកលរបស់លោក សម សារី ក្នុងការដណ្តើមអំណាចនេះ ធ្វើឲ្យព្រះប្រមុខរដ្ឋ សម្ត្តេច នរោត្តម សីហនុ ដឹងជាមុន ហើយបានប្រកាសដកតំណែង និងឋានន្តរស័ក្តិសព្វបែបយ៉ាង។
ដោយឡែក សម្រាប់រឿង លោក សម រង្ស៉ី ដែលធ្វើចលនាឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា កន្លងមកនេះ មិនមែនជារឿងបុគ្គលទេ។ សម្តេចថ្លែងថា «បើហ៊ុន សែន នៅជាប្រជាជនធម្មតា វាជារឿងផ្សេងប៉ុន្តែនេះ កំពុងដឹកនាំរដ្ឋ ខ្ញុំករុណាខ្ញុំ មិនចង់ប្រើពាក្យអសុរសទេ ក៏ប៉ុន្តែអាឆ្កែ១ក្បាលនេះ វាអាក្រក់ពេក»។
សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាន់ជំហររង់ចាំចាប់ខ្លួន លោក សម រង្ស៉ី នៅពេលណាដែលទណ្ឌិតរូបនេះ ចូលមកប្រទេសកម្ពុជា។
សម្តេចបញ្ជាក់ថា «អ្នកខ្លះថា មានពួកបរទេសជូនមក បានគឺអត់វ៉ៃខ្នោះពួកបរទេសទេ គឺវ៉ៃខ្នោះតែអ្នកណា មានដីកាតុលាការប៉ុណ្ណោះ វ៉ៃខ្នោះអ្នកហ្នឹង អាឆ្កែ១ក្បាលហ្នឹង យកហ្អែងចូលគុកទាល់តែរួច អញ្ចឹងឯងប្រុងទៅថាប្រុងមកថ្ងៃ៩កក្កដា មកអញចាំថ្ងៃហ្នឹង រង់ចាំរហូត អញ្ចឹងបើអាឆ្កែ១ក្បាលនេះ មិនទាន់ទៅណាខ្ញុំក៏មិនទាន់ទៅណាដែរ កុំថាឡើយ២០២៨ ដល់ឆ្នាំ២០៣៥ ក៏នៅតែនៅដែរ»។
សម្តេចបានលើកឡើងអំពីការញុះញង់របស់លោក សម រង្ស៉ី ដើម្បីបំបែកបំបាក់គ្រួសាររបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា ជាពិសេសទំនាក់ទំនងរវាងសម្តេច និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សម្តេចបញ្ជាក់៖ «ហ្អែងហ៊ានស្បថទេ អាឆ្កែ១ក្បាល ពួកហ្អែងអត់ហ៊ានស្បថទេ។ កន្លងទៅហ្អែងសុទ្ធតែថា សម្តេច ស ខេង និយាយអញ្ចេះនិយាយអញ្ចុះ ហ្អែងហ៊ានស្បថថាសម្តេច ស ខេង និយាយអញ្ចឹងមែនទេ ហ៊ានស្បថទេ បើហ្អែងហ៊ានស្បថ អញហ៊ានស្បថដាក់ជីវិត និងក្រុមគ្រួសារអញទាំងមូល...បើរឿងនេះពិតមែន តើហ្អែងហ៊ានស្បថឱ្យងាប់ទាំងពូជរបស់ពួកហ្អែងទេ»។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹករឿង លោក សម រង្ស៉ី ភ្នាល់ចាញ់សម្តេច ហើយសម្តេចក៏បានរម្លឹកអំពីរឿងដែលលោក សម រង្ស៉ី ធ្វើលិខិតសុំទោសសម្តេចកន្លងទៅផងដែរ។ សម្តេច បានរម្លឹកថា លោក សម រង្ស៉ី បានសរសេរសំបុតសុំទោសសម្តេច ក្នុងការចោទប្រកាន់ លាបពណ៌កន្លងមក។ សម្តេចបានចាត់ទុកថា លោក សម រង្ស៉ី គឺជាអ្នកលើកសម្តេចឱ្យឡើងកាន់អំណាចបានយូរអង្វែង។
សម្តចតេជោ ហ៊ុន សែន បានចាត់ទុកថា លោក សម រង្ស៉ី ជាមនុស្សបង្ករឿងតាមពូជ។
សម្តេចបានបញ្ជាក់ទៀតថា៖ «អ្វីដែលធ្ងន់ធ្ងរ គឺឧបនាយករដ្ឋមន្រ្តី ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តី វាធ្ងន់ធ្ងរពេកហើយ គឺប្រទេសនេះ មានសង្គ្រាម បានន័យថាម៉េច សម្តេចក្រឡាហោម គាត់ភ្លើខ្លាំងណាស់ទៅអី? ពេលខ្ញុំព្រះករុណាខ្ញុំទៅបាត់ទៅ សម្តេចក្រឡាហោម ជានាយករដ្ឋមន្រ្តីស្តីទីបាត់ទៅហើយហ្នឹង ហើយនៅក្នុងគណបក្សប្រជាជន គ្មានទម្លាក់ឈ្លោះគ្នាដណ្តើមអំណាចទេ»៕