(បាត់ដំបង)៖ សហគមន៍ល្អាងប្រចៀវភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានទទួលផលជីពីអាចម៍ប្រចៀវជិត ២តោន ក្នុង១ខែសម្រាប់លក់ចែកចាយជូនអតិថិ ជនយកធ្វើជីធម្មជាតិ ពិសេសបំផុតទៅប្រើប្រាស់ ក្នុងចម្ការលើដំណាំឈើហូបផ្លែផ្សេងៗ តាមតម្រូវការរៀងៗខ្លួន។
ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ តំណាងសហគមន៍ បានឲ្យដឹងថា ល្អាងប្រចៀវនៅភ្នំសំពៅនេះមាន ២កន្លែងគឺនៅចំ
ណុចល្អាងភ្នំពៅលិច និងល្អាងនៅក្នុងភូមិសំណាញ់ឃុំភ្នំសំពៅ។ ល្អាងប្រចៀវនេះ មានការថែទាំជាប្រចាំ ដើម្បីទប់ស្កាត់ពីការចាប់សត្វប្រចៀនេះ យកទៅធ្វើម្ហូប ឬ យកទៅលក់ ក្នុងសហមន៍ដែលមានសមាជិកប្រមាណ ១០គ្រួសារ។
លោករៀបរាប់ថា កាលពីឆ្នាំ១៩៩៥ សត្វប្រចៀវនេះបាននៅតិចតួចណាស់ លុះដល់ឆ្នាំ១៩៩៩ សត្វប្រចៀវមានការកើនឡើងប្រមាណ ៥ ទៅ ៦ លានក្បាល តែបច្ចុប្បន្នក៏មានការឡើងចុះទៅតាមធម្មជាតិ ឬវាទៅរស់នៅកន្លែងផ្សេងៗទៀតខ្លះ យើងមិនបានដឹងច្បាស់លាស់ជាក់លាក់ដែរ។
តំណាងសហគមន៍បានបញ្ជាក់ថា អាចម៍ប្រចៀវនេះ ជាជីធម្មជាតិលេខ១ មានប្រសិទ្ធភាពខ្ពស់ ដោយមានភាពល្បីល្បាញតាំងពីបុរាណមកម្ល៉េះ។ ជាក់ស្តែង បច្ចុប្បន្នជីអាចម៍ប្រចៀវ ដែលសហគមន៍យើងលក់ក្នុងតម្លៃ១ការ៉ុងតូចជាង ១០គីឡូក្រាមថ្លៃ ២៥,០០០រៀល តែទំហំអាចម៍ប្រចៀវ ដែលប្រមូលបានក្នុងខែ គឺមិនទៀងទាត់ទេ ព្រោះជាផលមួយទទួលបានតាមធម្មជាតិ ដែលយើងមិនអាចកំណត់តួលេខនិងប្រមូលបាននោះទេ។
ម្យ៉ាងវិញទៀត តាមការសម្គាល់ និងចំណាំរបស់ចាស់បាននិយាយថា សត្វប្រចៀវវាមានរដូវបន្តពូជ ពងកូនក្នុង១ឆ្នាំ២ដង គឺនៅចន្លោះខែមិថុនា និងខែវិច្ឆិកា ដើម្បីពង្រីកបង្កើតកូនប្រចៀវទៅតាមធម្មជាតិមានការកើនឡើងផងដែរ។
ទន្ទឹមនឹងការលក់អាចម៍ប្រចៀវនេះដែរ អត្ថប្រយោជន៍របស់សត្វប្រចៀវនៅភ្នំសំពៅនេះ វាអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអត្តរជាតិ ពិសេសសម្បូរណ៍ជនបរទេសភាគច្រើន តែងបានមកទស្សនាជាប្រចាំរាល់ថ្ងៃ ហើយធ្វើឲ្យអ្នកលក់ទំនិញជាម្ហូបអាហារនៅតាមជើងភ្នំសំ ពៅអាចរកចំណូល បានសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ជួយកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
តំណាងសហគមន៍សូមអំនាវនាវដល់ប្រជាពលរដ្ឋថា សូមជួយទប់ស្កាត់ និងអភិរក្សសត្វប្រចៀវនេះកុំឲ្យមានចាប់ ឬបំផ្លាញសត្វទាំងនេះ ដែលជាសត្វមានប្រយោជន៍ដល់យើងទាំងអស់គ្នា ព្រោះសត្វប្រចៀវទាំងនេះ ជាជង្រុកជីធម្មជាតិដ៏សំខាន់មួយ អាចផលិតជីធម្មជាតិដោយមិនបានអស់ថវិកាផង គ្រាន់តែចាំប្រមូលផលនិងជួយថែរក្សាប៉ុណ្ណោះ៕