(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសឱ្យដឹងថា នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចត្រូវបានអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកអញ្ជើញថ្លែងសុន្ទរកថាគន្លឹះចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធការគ្រប់គ្រង និងធ្វើពាណិជ្ជកម្មរបស់កម្ពុជាក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងហ្សឺណែ ប្រទេសស្វីស។
ប្រទេសកម្ពុជាបានក្លាយជាសមាជិកទី១៤៨ របស់អង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។ ការក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជិត១៥ឆ្នាំនេះ កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះរបស់អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក គឺជាកិត្តិយសមួយរបស់កម្ពុជា។
ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ឆ្នាំនេះជាកិត្តិយសរបស់កម្ពុជា ដែលអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកស្នើឱ្យខ្ញុំព្រះករុណាខ្ញុំទៅអានសុន្ទរកថាគន្លឹះសម្រាប់ចែករំលែកបទពិសោធន៍នៅហ្សឺណែវក្នុងការប្រជុំនៃបណ្តាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក»។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ការអញ្ជើញទៅកាន់ទីក្រុងហ្សឺណែវនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកក្កដា ហើយសម្តេចនឹងថ្លែងសុន្ទរកថានៅថ្ងៃទី០៣។ ជាមួយដំណើរទៅកាន់ទីក្រុងហ្សឺណែវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍ប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុបទាំងអ្នកគាំទ្រ និងប្រឆាំងផងដែរ។
នៅព្រឹកមិញនេះក្រៅពីការប្រកាសនូវដំណើរចេញទៅប្រទេសហ្សឺណែវហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងផងដែរថា នៅក្នុងខែមិថុនា សម្តេចមានបេសកកម្មការងារជាច្រើននៅក្រៅប្រទេស។ ក្នុងនោះនៅថ្ងៃទី១៣ ខែមិថុនា សម្តេចនឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅប្រទេសហុងគ្រីរយៈពេលមួយយប់ និងមួយព្រឹក បន្ទាប់មកហោះទៅកាន់ប្រទេសតាគីជីស្ថាន ដើម្បីចូលរួមសន្និសីទស្តីពីការកសាងទំនុកចិត្តនៅអាស៊ី។
ក្រោយត្រឡប់ពីប្រទេសតាគីជីស្ថានវិញ សម្តេចក៏នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៥ខែកន្លងទៅនេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ច និងបេសកកម្មការងារនៅក្រៅប្រទេសចំនួន៥លើករួចហើយ។ សម្តេចតេជោ បានអញ្ជើញទៅប្រទេសចិនចំនួនពីរដង ប្រទេសវៀតណាមមួយដង ប្រទេសថៃមួយដង និងទៅប្រទេសជប៉ុនកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ៕