(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវការយល់ឃើញរបស់ខ្លួនចំពោះសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ថា មិនអាចក្លាយជាសង្គ្រាមពាណិជ្ជកម្មពិភពលោកនោះទេ បើសិនជាមិនមានប្រទេសដទៃផ្សេងទៀតចូលរួម ក្នុងសង្គ្រាមពាណិជ្ជកម្មមួយនេះ។

ការបញ្ជាក់យ៉ាងដូច្នេះ របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានធ្វើឡើងក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍ របស់ទូរទស្សន៍ Fresh News ខណៈដែលលោកបណ្ឌិត ចូលមកពន្យល់ពីប្រធានបទ «ការជះឥទ្ធិពល នៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន មកលើកម្ពុជា»

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា វានឹងមានទីបញ្ចប់នៅពេលណាមួយ ព្រោះកាលណាការបង្កើតសង្គ្រាមនេះ បើសិនជាមិនមានប្រទេសដទៃទៀតចូលរួមទេ វាមិនអាចក្លាយជាសង្គ្រាម ពាណិជ្ជកម្មពិភពលោកទេ។ ប្រទេសទាំង២នេះ នឹងអស់ខ្យល់នៅពេលណាមួយ និងមានការចរចាគ្នា»។

មន្ដ្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជារូបនេះបានលើកឡើងថា បច្ចុប្បន្នជាអាណត្ដិរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលណាចប់អាណត្ដិនៃមេដឹកនាំនីមួយៗ នឹងអាចមានគោលនយោបាយផ្លាស់ប្ដូរ។ លោកបានប្រាប់ថា សហរដ្ឋអាមេរិក មានគោលនយោបាយ២៖ គោលនយោបាយការពារ និងគោលនយោបាយសន្ដិភាព។

លោកបណ្ឌិត បានគូសបញ្ជាក់ថា នៅពេលដែលចប់អាណត្ដិរបស់ប្រធានាធិបតីនីមួយៗ អាចនឹងធ្វើឲ្យគោលនយោបាយ មានការផ្លាស់ប្ដូរ ហើយពួកគេនឹងពិចារណាឡើងវិញ ទៅលើផ្ដល់ប៉ះពាល់។ លោកថា «កាលណាប្រធានាធិបតី ដែលកំពុងកាន់អំណាច ចាកចេញពី Game នេះ មានន័យថា ប្រធានាធិបតីនោះអន់។ ក្នុងនាមប្រទេសមហាអំណាច គេមិនទាន់ដកនោះទេ គេនៅតែអូសបន្លាស់ៗ បង្ហាញសាច់ដុំដាក់គ្នា ដល់ចប់ទឹកប្រៀបដូចកីឡាប្រដាប់ មិនបានដាល់គ្នា គ្រាន់តែបង្ហាញសាច់ដុំ ដាក់គ្នាដល់ទឹក»

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានអះអាងថា «ខ្ញុំយល់ថា សង្គ្រាមពាណិជ្ជកម្មរបស់ចិន-អាមេរិក គឺនៅក្នុងស្ថានភាពកីឡាប្រដាល់ អួតសាច់ដុំដាក់គ្នា រហូតដល់ចប់ទឹក មិនមានការដាល់គ្នាឡើយ»