(ព្រៃវែង)៖ ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ចំណុះជើងវត្តកញ្ចំ ភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ បានផ្ទុះការតវ៉ាបណ្តេញចៅអធិការវត្តចេញ ក្រោយមានរឿងស៊ីដាច់បច្ច័យសាងសង់របស់សប្បុរសជន ដែលបានចូលរួមបច្ច័យជួយសាងសង់គ្រប់ប្លង់ គ្រប់កន្លែង តែចុងក្រោយបែរជាជំពាក់លុយថ្លៃសម្ភារដល់ទៅ ១១ម៉ឺនដុល្លារទៅវិញ។ ពលរដ្ឋចោទចៅអធិការវត្តថា កិបកេងលុយ និងនាំគ្នាតវ៉ាបណ្ដេញចេញពីវត្តតែម្តង។
ពុទ្ធបរិស័ទចំណុះជើងវត្តកញ្ចំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះថា ការមកជួបជុំគ្នានេះ ក្នុងគោលបំណងបណ្ដេញព្រះចៅអធិការវត្តកញ្ចំ ព្រះនាម រស់ សុផាន ដែលជាប់សង្ស័យស៊ីដាច់បច្ច័យជាង ១១ម៉ឺនដុល្លារ។ តែរហូតដល់ពេលនេះព្រះគ្រូ រស់ សុផាន បានភៀសព្រះកាយមកគង់នៅវត្តទ្រាស្ថិតនៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង។
ពលរដ្ឋបានឲ្យដឹងទៀតថា ពួកគាត់ជាពុទ្ធបរិស័ទចំណុះជើងវត្តកញ្ចំទាំង ២៥៥គ្រួសារ សម្រេចបណ្ដេញចៅអធិការវត្តចេញពីវត្តតែម្ដង ដោយមូលហេតុថា សង្ឃអង្គនេះបានស៊ីដាច់បច្ច័យជាង ១១ម៉ឺនដុល្លារ រឿងសាងសង់សាលាឆាន់។ ដើមចមដំបូងព្រះសង្ឃ និងគណៈកម្មការវត្ត ពុទ្ធបរិស័ទ បានឯកភាពគ្នាសាងសង់សាលាឆាន់ក្នុងវត្ត ដើម្បីជាកន្លែងធ្វើបុណ្យទាន។
ក្នុងនោះពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយ បានចូលរួមកសាងសង់ ខ្លះចូល សរសរ ខ្លះចូលទ្វារ ខ្លះបង្អួច ដំបូល ក្បឿង បង្កាន់ដៃ ផ្ទាំងគំនូរ និយាយរួម គឺគ្រប់ប្លង់គ្រប់កន្លែងសុទ្ធតែពលរដ្ឋ ចូលលុយធ្វើទាំងអស់។ ដោយមានឈ្មោះទៅតាមប្លង់គ្រប់កន្លែង លុះថ្មីៗនេះ ដល់សាងសង់សាលាឆាន់រួច ស្រាប់តែនៅជំពាក់ថ្លៃសម្ភារគេរហូតដល់ទៅជាង ១១ម៉ឺនដុល្លារទៅវិញ?
ធ្វើឲ្យពលរដ្ឋហួសចិត្ត តើបាត់លុយទៅណាបើគេចូលថ្លៃសាងសង់អស់ហើយនោះ? ។ ពលរដ្ឋបញ្ជាក់ថា លុយជាង ១១ម៉ឺនដុល្លារ ដែលជំពាក់គេនោះ បើសិនជាចៅអធិការវត្តកញ្ចំ មិនព្រមចេញពីវត្តទេ សូមឲ្យព្រះគ្រូចៅអធិការបញ្ចេញ វិក្កយបត្រថ្លៃចំណាយបង្ហាញមកពលរដ្ឋ ឬព្រះសង្ឃ ទទួលខុសត្រូវចេញសងលុយដែលបាត់បង់ទាំងនោះ។
ព្រះសង្ឃ រស់ សុផាន ចៅអធិការវត្តកញ្ចំ បានបកស្រាយប្រាប់អាជ្ញាធរ និងពលរដ្ឋថា ព្រះអង្គមិនបានស៊ីដាច់បច្ច័យ និងមានសង្ឃដីការថា លុយទាំងនោះយកមកសាងសង់បន្តិចបន្ទួចក្នុងទីធ្លាវត្ត ប៉ុន្តែអត់វិក្កយបត្រ។ ទោះបីយ៉ាងណា ព្រះគ្រូចៅអធិការវត្តកញ្ចំ បានព្រមនិមន្តចេញពីវត្តកញ្ចំ ដោយមកគង់នៅវត្តទ្រា ឃុំកញ្ចំស្រុកពារាំង ដែលនៅក្បែរវត្តនោះដែរ៕