(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យសម្រួលនីតិវិធីកាត់ឈ្មោះកម្មសិទ្ធិយានយន្ត ដើម្បីលើកទឹកចិត្តឱ្យម្ចាស់យានយន្តកាត់ឈ្មោះកម្មសិទ្ធិយានយន្តនៅពេលលក់ទៅឱ្យអ្នកដទៃ។
នៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានទទួលព័ត៌មានថានីតិវិធីនៃការកាត់ឈ្មោះកម្មសិទ្ធិយានយន្តនេះនៅតែមានភាពស្មុគស្មាញ ដោយតម្រូវឱ្យទៅកាត់ឈ្មោះតាំងពីអ្នកលក់ដំណាក់កាលដំបូង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា ប្រសិនបើមានការអនុវត្តន៍បែបនោះមែន គឺជាការខុសពីការសម្រេចរបស់សម្តេចនាពេលចុងក្រោយនេះ គឺអនុញ្ញាតឱ្យការកាត់ឈ្មោះយានយន្តនេះ ធ្វើឡើងរវាងតែអ្នកលក់យានយន្តចុងក្រោយជាមួយអ្នកទិញតែប៉ុណ្ណោះ មិនត្រូវឱ្យកាត់ឈ្មោះពីអ្នកលក់មុនៗនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «អ៊ីចឹងទេ បើសិនមានរឿងហ្នឹងក៏ត្រូវខិតខំដោះស្រាយ ដើម្បីឱ្យផ្ទេរត្រឹមតែអ្នកទិញលក់ជាមួយគ្នា គឺកាត់ឈ្មោះចេញតែម្តង ហើយតម្លៃឱ្យវាសមរម្យជាមួយភាពរហ័សរហួន ហើយកុំទាមទារឱ្យមានការផ្ទេរច្រើនដំណាក់ពេក»។
សូមបញ្ជាក់ថា ដើម្បីសម្រួលនីតិវិធីក្នុងការកាត់ឈ្មោះយានយន្តនេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ បានជួបគ្នាពិភាក្សាទៅលើការសម្រួលនីតិវិធីបង់ពន្ធលើការកាត់ឈ្មោះយានយន្តនេះឱ្យកាន់តែងាយស្រួលតាមប្រព័ន្ធស្វ័យប្រវត្តកម្ម។
ការផ្ទេរកម្មសិទ្ធិយានយន្តនាពេលបច្ចុប្បន្ននេះ មានភាពស្មុគស្មាញច្រើន និងចំណាយពេលវេលាយូរថ្ងៃ។ នីតិវិធីបច្ចុប្បន្នអ្នកផ្ទេរសិទ្ធិកាន់កាប់យានយន្តត្រូវធ្វើដំណើរទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើសំណើសុំឯកសារផ្ទេរកម្មសិទ្ធិ បន្ទាប់មកត្រូវទៅបង់ពន្ធប្រថាប់ត្រានៅពន្ធដារ ហើយទើបត្រឡប់ទៅមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីបំពេញបែបបទផ្សេង ចុងក្រោយ និងទទួលយកបណ្ណសម្គាល់យានយន្តថ្មី។ នីតិវិធីបច្ចុប្បន្ននេះ បានធ្វើឱ្យអ្នកលក់ដូរយានយន្តធុញទ្រាន់ ហើយក៏មិនចង់ផ្ទេរកម្មសិទ្ធិយានយន្ត។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មដែលក្រសួងកំពុងធ្វើ គឺជួយឱ្យអ្នកផ្ទេរកម្មសិទ្ធិយានយន្តទាំងអស់ធ្វើឡើងនៅកន្លែងតែមួយ ពោលទាំងការផ្ទេរកម្មសិទ្ធិ និងការបង់ពន្ធប្រថាប់ត្រា ធ្វើឡើងនៅកន្លែងតែមួយ ហើយមានឆាប់រហ័សផងដែរ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្ទេរកម្មសិទ្ធិយានយន្តនេះ អាចនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ៕