(ភ្នំពេញ)៖ លោក U Myint Soe ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា បានថ្លែងនៅចំពោះមុខឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាថា ក្នុងពេលបំពេញបេសកកម្មការទូតរបស់ខ្លួនប៉ុន្មានឆ្នាំមកនេះ លោកកត់សម្គាល់ឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។
ការកត់សម្គាល់របស់ឯកអគ្គរដ្ឋទូតមីយ៉ា់ម៉ាចប់អាណត្តិរូបនេះ បានបង្ហាញឡើង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកចូលជម្រាបលា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បន្ទាប់ពីអាណត្តិបេសកកម្មការទូតរបស់ខ្លួនត្រូវបានបញ្ចប់។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះថា ៖ «លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានបញ្ជាក់ថា ក្រោយពីចប់អាណត្តិនៅកម្ពុជា លោកបានកត់សម្គាល់ ឃើញការរីកចម្រើនរបស់កម្ពុជាខ្លាំង។ ក្នុងនាមប្រទេសទាំងពីរ ជាប្រទេសកាន់ព្រះពុទ្ធសាសនាដូចគ្នា លោកកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជា រីករាយរាក់ទាក់សម្រាប់ភ្ញៀវ»។
បើតាមលោក កេត សោផាន់ នៅក្នុងកិច្ចជម្រាបលានាឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក U Myint Soe បានលើកឡើងចំណុចសំខាន់ៗមួយចំនួន មកពីភាក្សាផងដែរ។ លោកថា ភាគីទាំងពីរ បានពិភាក្សាគ្នាពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ា មានការកើនឡើងទ្វេដង ប៉ុន្តែទោះបីជាមានការកើនឡើងយ៉ាងនេះក៏ដោយ ប្រទេសទាំងពីរនៅមានសក្តានុពល ដែលអាចនឹងពង្រីកនូវទំហំពាណិជ្ជកម្មបន្ថែមទៀត។ ក្នុងន័យនេះ ប្រមុខការទូតកម្ពុជា បានស្នើឲ្យខិតខំអនុវត្តកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរធ្លាប់មាន និងជំរុញឲ្យបញ្ចប់កិច្ចព្រមព្រៀងផ្សេងៗទៀត ដែលកំពុងធ្វើដើម្បីពង្រីកទំហំពាណិជ្ជកម្ម។
អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ចំណុចសំខាន់មួយទៀតនៃការពិភាក្សា គឺកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ឥឡូវនេះក្រសួងព័ត៌មាននៃប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា បានខិតជិតដល់ការឯកភាពគ្នា ដើម្បីចុះហត្ថលេខាលើឯកសារមួយ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញជំហរថា កម្ពុជានៅតែគាំទ្រដល់មីយ៉ាន់ម៉ា នៃដំណើរការការផ្សះផ្សារជាតិ ក៏ដូចជាសន្តិភាពនៅក្នុងរដ្ឋបាខៃ។ ជាមួយគ្នានេះ កម្ពុជានឹងបន្តសហការជាមួយមីយ៉ាន់ម៉ា ជាបងប្អូននៃគ្រួសារអាស៊ាន នៅលើវេទិកាក្នុងតំបន់ ក៏ដូចជាវេទិកាអន្តរជាតិផ្សេងៗទៀតផងដែរ៕