(តាកែវ)៖ អតីតសិស្សវិទ្យាល័យសុខអានទន្លេបាទី តាំងពីដើមទសវត្សរ៍ ១៩៨០ រហូតសិស្សានុសិស្ស ដែលកំពុងសិក្សាក្នុងវិទ្យាល័យមួយនេះ បានប្រារព្ធវិធីជួបជុំអតីតសិស្ស និងគោរពគុណលោកគ្រូអ្នកគ្រូរបស់ខ្លួន ដែលបានចំណាយពេល និងមនសិការដ៏ធំធេង ក្នុងការកសាងវិទ្យាល័យសុខអានទន្លេបាទី និងអប់រំ តាំងពីការកកើតសាលារ ហូតមកដល់សព្វថ្ងៃ។

កម្មវិធីជួបជុំអតីតសិស្សនេះ បានរៀបចំឡើងនៅថ្ងៃទី២ ខែឧសភា នេះ នៅសាលាវិទ្យាល័យសុខអានទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយមានការផ្តួចផ្តើមពីលោកឧកញ៉ា លីម លាង, លោកអភិបាលស្រុកបាទី អតីតសិស្សវិទ្យាល័យគ្រប់ជំនាន់ និងដោយមានការចូលរួមពី តារាចម្រៀង ម៉ៅ ហាជី នាងឆយ នាងប៉េងប៉ោងផងដែរ។

លោកឧកញ៉ា លីម លាង ដែលជាអតីតសិស្សវិទ្យាល័យ សុខអានទន្លេបាទី និងជាអ្នកផ្តួចផ្តើមក្នុងកម្មវិធីនេះ បានលើកឡើងថា កម្មវិធីជាឱកាសឲ្យអតីតសិស្ស និងសិស្សដែលកំពុងរៀន បានជួបគ្នា ចែករំលែកនូវក្តីស្រឡាញ់ និងភាតរភាពរវាងគ្នានឹងគ្នា ព្រមទាំងបានចូលរួមស្នាមញញឹម ដឹងគុណូបការៈដល់អតីតលោកគ្រូអ្នកគ្រូ និងក៏ដូចលោកគ្រូអ្នកគ្រូ ដែលកំពុងតែបំពេញការងារ ដែលលោកបានខំប្រឹងប្រែងអប់រំ សិស្សានុសិស្សកន្លងមក។ «នេះជាឱកាសទីមួយ ដែលយើងបានជួបលោកគ្រូអ្នកគ្រូរបស់យើង បន្ទាប់ពីពួកយើងបានបញ្ចប់ការសិក្សានៅទីនេះ។ ពួកលោកសប្បាយចិត្តស្ទើស្រក់ទឹកភ្នែក ពេលដែលលោកបានជួបយើងម្តងទៀត និងឃើញពួកយើងបានផ្លែផ្លា ចេញពីការអប់រំរបស់លោក »

លោកឧកញ៉ា លីម លាង បន្តថា អតីតសិស្សសាលាដទៃទៀត គួរតែមានកម្មវិធីដូចគ្នានេះ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីមានឱកាសជួបជុំលោកគ្រូអ្នកគ្រូ និងមិត្តភក្តិរួមសាលា បង្កើតបង្កើនមិត្តភាព និងចែករំលែកក្តីស្រឡាញ់ដល់បុគ្គល ដែលបានជួយជ្រោមជ្រែងយើងឲ្យមានថ្ងៃនេះ។ «មានតែការស្រឡាញ់រាប់អានដឹងគុណគ្នាទេ ទើបរក្សាសុខសន្តិភាព ក្នុងសង្គមរបស់យើងបាន »។

លោក ភួន ឈីម អភិបាលស្រុកបាទី និងជាអតីតសិស្សវិទ្យាល័យ សុខអានទន្លេបាទី បានថ្លែងថា វិទ្យាល័យសុខអានទន្លេបាទី បានដើរតួយ៉ាងសំខាន់ ក្នុងការអប់រំសិស្សានុសិស្ស ក្នុងឃុំបីនៃស្រុកបាទី គឺឃុំក្រាំងធ្នង់,ឃុំពត់សរ និងឃុំកណ្ដឹង។ វិទ្យាល័យនេះ បានបណ្តុះបណ្តាលបញ្ញាវ័ន្តជាច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណដល់មិត្តកូរ៉េ ដែលតាមរយៈលោក សុខ ពុទ្ធិវុធ បានផ្ដល់នូវបន្ទះផ្ទាំងសឡា ដើម្បីបំលែងចេញជាអគ្គិសនី ប្រើប្រាស់នៅក្នុងសាលា សម្រួលដល់ការសិក្សារបស់លោកគ្រូអ្នកគ្រូ នៅក្នុងសាលាផងដែរ។

លោក ប៉ែន សឿន អតីតនាយកវិទ្យាល័យសុខអានទន្លេបាទី បានបង្ហាញចំណាប់អារម្មណ៍តំណាងលោកគ្រូអ្នកគ្រូ ដោយបានបង្ហាញពីភាពរីករាយ ដែលបានជួបសារជាថ្មី អតីតសិស្សជាមួយនឹងភាពជោគជ័យ ក្នុងការសិក្សានិងរបរការងារ។ «តាងនាមអោយលោកគ្រូអ្នកគ្រូទាំងនៅមានវត្តមាននៅទីនេះ និងលោកគ្រូអ្នកគ្រូដែលបានចែកឋានហើយក្តី លោកគ្រូ ពិតជាសប្បាយចិត្តដែលឃើញកូនៗ ក្លាយជាមនុស្សល្អក្នុងសង្គមជាតិ។ លោកគ្រូមិនចង់បានអ្វីពីកូនៗទេ លោកគ្រូចង់ឃើញកូនក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ លោកគ្រូស្ងប់ចិត្តហើយ»។

ក្នុងពិធីគោរពដឹងគុណនេះផងដែរ លោកឧកញ៉ា លីម លាង និងអតីសិស្សវិទ្យាល័យទាំងអស់បានជូនថវិកា លោកគ្រូអ្នកគ្រូចំនួន៥៥រូប ក្នុងម្នាក់ពីរសែនរៀល និងបានរៀបចំអាហារសាមគ្គី ដល់លោកគ្រូអ្នកគ្រូ និងសិស្សកំពុងសិក្សាទាំងអស់ផងដែរ។ លើសពីនេះ តារាចម្រៀង ម៉ៅ ហាជី និងតារាចម្រៀងជាច្រើនរូបទៀត ក៏បានចូលរួមសម្ដែងនិងបរិភាគអាហារូបគ្នា។

លោកឧកញ៉ា លីម លាង និងអតីសិស្សវិទ្យាល័យសុខអានទន្លេបាទីគ្រប់ជំនាន់ ក៏មានបំណងបង្កើតមូលនិធិវិទ្យាល័យសុខអានទន្លេបាទី នាពេលឆាប់ៗនេះ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍ និងដំណើរសាលាឲ្យកាន់តែល្អប្រសើរ ព្រមជាមួយចូលរួមឧបត្ថម្ភលោកគ្រូអ្នកគ្រូ ដែលជួបការខ្វះខាត។ លោកឧកញ៉ាប្តេជ្ញារៀបចំកម្មវិធី ជួបជុំអតីតសិស្សនេះឲ្យបានមួយឆ្នាំម្តង និងអំពាវនាវឲ្យអតីតសិស្សគ្រប់ជំនាន់ដទៃទៀត បានចូលរួមកម្មវិធីនេះ ឲ្យបានទាំងអស់គ្នាផងដែរ៕