(ភ្នំពេញ)៖ បុរសជាជាងបៀកថ្នាំផ្ទះម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈដែលញាត់កំពុងឈរបៀកថ្នាំជញ្ជាំងផ្ទះមួយកន្លែង កៀកនិងខ្សែកាប្លិ៍ភ្លើង ដែលមានតង់ស្យ៉ុងខ្ពស់ និងបង្កឲ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើ ឈ្មោះ ឡុង ណារិន អាយុ២៦ឆ្នាំ មុខរបរជាងបៀកថ្នាំ មានស្រុកកំណើត នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បានឈរលើរន្ទារបៀកថ្នាំជញ្ជាំងផ្ទះ ដែលកំពុងសាងសង់កៀក និងខ្សែកាប្លិ៍ភ្លើងចម្ងាយប្រមាណតែកន្លះម៉ែត្រប៉ុណ្ណោះ ខណៈនោះ គាត់មិនបានប៉ះជាមួយខ្សែកាប្លិ៍នេះឡើយ។ ប៉ុន្តែដោយសារតែវាជាខ្សែស្រាត ទើបស្រូបឆក់ជើង បណ្ដាលឲ្យរងឆេះរងរបួស រលាករលាត់ស្បែកធ្ងន់ធ្ងរ ហើយសំណាងមិនបានធ្លាក់មកដី បន្ទាប់មកត្រូវបានមិត្តភក្ដិ រួមការងារជួយនាំយកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្រ្គោះបន្ទាន់។
ប្រភពដដែលបានបន្តថា សំណង់ផ្ទះខាងល្វែងខាងលើនោះ គឺជាសំណងរបស់ជនជាតិចិន ដោយឡែកជនរងគ្រោះ គឺជាជាងបៀកផង និងបាញ់ថ្នាំផង និងត្រូវបានមេការរបស់គាត់ ម៉ៅការផ្នែកបៀក និងបាញ់ថ្នាំនៅទីនោះ។ ក្រោយពេលនាំទៅដល់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដោយសារតែរបួសធ្ងន់ពេក ទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ ហើយសង្ឃឹមថា គាត់និងអាចរួចផុត ពីគ្រោះថ្នាក់ដល់ជីវិតទៅចុះ។
ប្រភពបន្ដថា ទន្ទឹមនឹងនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ គួរតែពិនិត្យមើលឲ្យបានច្បាស់លាស់សិន មុននិងអនុញ្ញាតច្បាប់ឲ្យមានការសាងសង់បើកៀកនិងខ្សែកាប្លិ៍ភ្លើង ដែលមានតង់ស្យុងខ្ពស់បែបនេះ មិនគួរអនុញ្ញាតឲ្យឡើយ៕