(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានថ្លែងចាត់ទុកការខ្វះខាត់អគ្គិសនីក្នុងឆ្នាំនេះ បានក្លាយជាបទពិសោធន៍ និងផ្តល់ជាមេរៀនយ៉ាងច្រើនសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែឆ្លងកាត់មេរៀនទាំងនេះ សម្តេចបញ្ជាក់ថា នឹងគ្មានបញ្ហាច្រំដែលនេះកើតឡើងទៀតឡើយនៅឆ្នាំក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះរដូវប្រាំងបានបញ្ចប់ រដូវវស្សាបានចូលមកដល់ប្រមាណ២សប្តាហ៍ហើយ កម្ពុជាបានរួចផុត កង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ ដែលមុននេះមានការកង្វល់ខ្លាំងណាស់ ប៉ុន្តែត្រូវបានដោះស្រាយបញ្ហា ដោយទីកន្លែងខ្លះខ្វះទឹក មានមន្ត្រីរាជរដ្ឋាភិបាល សប្បុរសជន និងអង្គការក្រៅរដ្ឋាភិបាល បានជួយយកទឹកទៅផ្តល់ឲ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ដូច្នេះបញ្ហាការខ្វះខាតទឹកត្រូវបានបញ្ចប់ ក្នុងពេលរដូវវស្សាចូលមកដល់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «យើងនៅមានបញ្ហាខ្វះខាតទឹក សម្រាប់ប្រើប្រាស់លើវារីអគ្គិសនី ដែលធ្វើឲ្យអគ្គិសនីរបស់យើង គ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់។ ឆ្នាំនេះជាបទពិសោធន៍ផ្តល់មេរៀនឲ្យយើងច្រើន ដែលយើងត្រូវខិតខំរកវិធីដោះស្រាយ ដើម្បីកុំឲ្យជួយបញ្ហាច្រំដែលនៅឆ្នាំខាងមុខ ។ វារីអគ្គិសនីរបស់យើងមានកម្លាំងជិត១៤០០មេហ្គាវ៉ាត់ ប៉ុន្តែផលិតថ្ងៃខ្លះបានត្រឹមតែ១០០ឬ ២០០មេហ្គាវ៉ាត់ទេ យប់មិញផលិតបានទៅដល់៦០០មេហ្គាវ៉ាត់ […] ចំនួននេះ គឺជាចំនួនមិនគ្រប់ទេ តែយើងបានប្រឹងប្រែងអស់លទ្ធភាព ដើម្បីកាត់បន្ថយការដាច់អគ្គិសនី»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ការអះអាងពីការលែងខ្វះខាតអគ្គិសនី នៅឆ្នាំក្រោយនេះ ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងដាក់ដំណើរការប្រមូលអគ្គិសនីផ្សេងៗទៀត ក្រៅពីពឹងផ្អែកលើវារីអគ្គិសនី ដែលមិនអាចដំណើរការបាន នៅពេលគ្មានទឹកគ្រប់គ្រាន់នោះ។ ប្រភពអគ្គិសនីទាំងនោះរួមមាន រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ការវិនិយោគលើម៉ាស៊ីភ្លើងដោយប្រើប្រេង រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះរោងចក្រផលិតអគ្គិសនី ដើរដោយធ្យូងថ្មចំនួន៣ បានដំណើរការហើយ ដែលមានកម្លាំង៣៧០មេហ្គាវ៉ាត់ និងរោងចក្រមួយទៀតដែលមានអុភាព១៣០មេហ្គាវ៉ាត់ នឹងត្រូវដាក់ឲ្យដំណើរការនៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់ឆ្នាំក្រោយនៅទីក្រុងភ្នំពេញ គឺត្រូវមានម៉ាស៊ីនភ្លើងត្រៀម ដែលមានអនុភាព៤០០មេហ្គាវ៉ាត់ (២០០មេហ្គាវ៉ាត់ទិញពីប្រទេសហ្វាំងឡង់ និង២០០មេហ្គាវ៉ាត់ទៀតទិញអាល្លឺមង៉ ដែលប្រើប្រេងខ្មៅ) ដោយបានអនុម័តថវិកា និងចាប់ផ្តើមបញ្ជាទិញ ធ្វើយ៉ាងណាខែតុលាឆ្នាំនេះឲ្យរួចរាល់ ដើម្បីត្រៀមទុកពេលវារីអគ្គិសនីបញ្ចេញភ្លើងមិនគ្រប់ គឺម៉ាស៊ីនភ្លើង៤០០មេហ្គាវ៉ាត់នេះ នឹងជួយផ្គត់ផ្គង់ថាមពលនៅទីក្រុងភ្នំពេញ ដែលនឹងធ្វើឲ្យឆ្នាំក្រោយនៅក្រុងភ្នំពេញ គ្មានហេតុផលដែលថាខ្វះអគ្គិសនី និងត្រូវកាត់ផ្តាច់ទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកាលពីសប្តាហ៍មុននេះ សម្តេចបានពិភាក្សាជាមួយលោក អាបេ នាយករដ្ឋមន្ត្រីជប៉ុនដើម្បីឲ្យរដ្ឋាភិបាលជប៉ុនជួយដល់កម្ពុជា លើបញ្ហាខ្វះខាតអគ្គិសនី ដោយសុំឲ្យជប៉ុនផ្តល់នូវហិរញ្ញប្បទាន ដើម្បីបន្តការវិនិយោគលើបណ្តាញតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ចាប់ពីព្រំដែនឡាវ មកដល់រាជធានីភ្នំពេញដែលមានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រោះកម្ពុជាបានចរចាជាមួយឡាវរួចហើយ ដោយឡាវមានអគ្គិសនីតែគ្មានទីផ្សារដើម្បីបញ្ចេញ។
សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផែនការសម្រាប់វិស័យអគ្គិសនីត្រូវតែរៀបចំឡើងវិញផងដែរ ដើម្បីឆ្លើយតបនឹងការរីកលូតលាស់របស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលជួបការលំបាកដោយសារការខ្វះថាមពលអគ្គិសនី នាពេលកន្លងទៅដែលមានការកាត់ផ្តាច់ភ្លើង ប៉ុន្តែនៅឆ្នាំក្រោយមិនមានបញ្ហាបែបនេះ កើតឡើងទៀតនោះឡើយ បើវារីអគ្គិសនីមិនដើរ ក៏ម៉ាស៊ីនផលិតថាមពលដើរដោយធ្យូងថ្ម ដើរដោយហ្គាស និងដើរដោយប្រេងនៅតែដំណើរការ ដើម្បីបំពេញនូវការខ្វះខាត៕