(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ការប្រមូលពន្ធដារ និងពន្ធគយ ក្នុងរយៈពេល៥ខែដំបូង ពោលចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៩នេះ សម្រេចលើសពីផែនការ ដែលរាជរដ្ឋាភិបាល បានគ្រោងទុក។
ការបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល ជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូលរយៈពេល៥ខែនេះ គឺជាចំណូលដ៏ល្អ ពន្ធផ្ទៃក្នុង៥ខែ សម្រេចរហូតទៅដល់ ជាង៥៨ភាគរយ នៃផែនការឆ្នាំ ឯពន្ធគយសម្រេចរហូត ទៅដល់ជាង៥៤ភាគរយ នៃផែនការឆ្នាំ គឺត្រឹមតែ៥ខែ»។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាឆ្នាំនេះ ទោះបីជាកម្ពុជាបង្កើនពិដាននៃប្រាក់ចំណូល ក៏កម្ពុជានៅតែធានាថា ផែនការនឹងត្រូវលើស។ សម្ដេចតេជោបានថ្លែងថាព្រោះថា បច្ចុប្បន្នវប្បធម៌បង់ពន្ធ នៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើងកាន់តែល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសសម្ពោធគម្រោងសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» សម្តេចបានបញ្ជាក់យ៉ាងច្បាស់ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា បើទោះបីជាកម្ពុជាអត់មានចំណូលបន្ថែម ក៏រាជរដ្ឋាភិបាលមានលុយ សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យ៉ាងតិចរយៈពេល១ឆ្នាំ ដែលខុសពីពេលមុនដែលរដ្ឋត្រូវខ្ចីលុយ ពីធនាគារដើម្បីបើកប្រាក់ខែ ដោយតែចំណូលពន្ធដែលកើតឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
សូមជម្រាបថា រយៈពេល៤ខែ ឆ្នាំ២០១៩កន្លងទៅ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៤៦០០.២២ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១,១៥០.០៦ លានដុល្លារអាមេរិក។ ចំពោះចំណូលពន្ធ៤ខែ ដំបូងនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៨ ឃើញថា ចំណូលពន្ធ-អាករ សម្រាប់រយៈពេល០៤ខែ ឆ្នាំ២០១៩ កើនឡើងចំនួនប្រមាណជា២៤០.២៨ លានដុល្លារអាមេរិក ស្មើនឹង ២៦.៤១%៕