Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ប្រទេសទីម័រខាងកើត មានសមត្ថភាពគ្រប់គ្រាន់ នឹងធ្វើជាសមាជិកអាស៊ាន (Video inside)

03-06-2019 13:56

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអំពីជំនឿចិត្តថា ប្រទេសទីម័រឡះ ឬទីម័រខាងកើត ពេលនេះ គឺពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលជាសមាជិកអាស៊ាន ខណៈដែលក្រុមការងារស្រាវជ្រាវអាស៊ាន នឹងទៅពិនិត្យប្រទេសទីម័រដោយផ្ទាល់នៅចុងឆ្នាំនេះ បន្ទាប់ពីស្នើបេក្ខភាព។

ការប្រកាសបង្ហាញជំនឿចិត្តរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅចុងឆ្នាំនេះ នៅប៉ុន្មានខែខាងមុខ គឺនឹងមានក្រុមបេសកកម្មស្រាវជ្រាវការពិត (Fact Finding Mission) ដើម្បីទៅប្រទេសទីម័រខាងកើត (ទីម័រឡេះ) ដើម្បីពិនិត្យមើលថាតើ ទីម័រខាងកើត បានកសាងគ្រប់លទ្ធភាព ដើម្បីចូល សមាជិកអាស៊ានហើយឬនៅ? ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានទៅទស្សនកិច្ចនៅទីម័រខាងកើតរួចហើយ»

សម្តេចបានបន្តទៀតថា៖ «ទីម័រខាងកើត មានលទ្ធភាព នឹងការចូលជាសមាជិកអាស៊ានហើយ ដោយមិនគប្បីមើលស្រាលលើទីម័រឡេះ ទៅលើធនធានមនុស្ស ដែលគេក៏កំពុងកសាងដូចយើងដែរ»

បច្ចុប្បន្ន អាស៊ានមានសមាជិកចំនួន១០ប្រទេស ហើយកំពុងមានកំណើតសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ ប្រទសកម្ពុជា ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងក្រុមអាស៊ានថ្មី ជាមួយនឹងប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលចូលជាសមាជិកអាស៊ានក្រោយឆ្នាំ១៩៩០។ កម្ពុជាបានចូលជាសមាជិកអាស៊ាន ក្រោយគេ និងជាសមាជិកទី១០ នៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយឆ្នាំ២០១៩នេះ ក៏ជាខួប២០ឆ្នាំ នៃការចូលជាសមាជិកអាស៊ានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានវិភាគទៀតថា «គម្លាតអាស៊ានចាស់ និងអាស៊ានថ្មី ពេលនេះ ត្រូវបានកាត់បន្ថយ។ ប្រសិនបើបញ្ចូលទីម័រឡេះមួយទៀត ក៏វាស្ថិតនៅក្នុងអាស៊ានចាស់ និងអាស៊ានថ្មី ដែលខ្ញុំព្រះករុណាខ្ញុំ នឹងមានមតិទៅកាន់មេដឹកនាំអាស៊ានថា មិនចាំបាច់ មាន៣តង់ទេ អាស៊ានចាស់ អាស៊ានថ្មី អាស៊ានទីម័រឡេះទេ»

សូមបញ្ជាក់ថា នាពេលកន្លងទៅ កម្ពុជាក៏ធ្លាប់បានប្រកាសជំហរ គាំទ្រ ប្រទេស ទីម័រខាងកើត (East Timor) ឱ្យ ក្លាយ ជា សមាជិក ទី ១១ នៃ អាស៊ាន ខាង មុខ នេះផងដែរ។

ប្រទេស ទីម័រខាងកើត មាន ប្រជាពលរដ្ឋ ចំនួន ជាង ១ លាន នាក់ ហើយ បាន ប្រកាស ជា រដ្ឋ ឯករាជ្យ ពី ការ គ្រប់គ្រង ដោយ ប្រទេស ឥណ្ឌូណេស៊ី កាល ពី ឆ្នាំ ២០០២ កន្លង ទៅ គឺ បាន ទទួល ស្គាល់ ដោយ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក កូហ្វី អាណាន់ (Kofi Annan)៕