(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងយុទ្ធនាការ «ហូបនំបញ្ចុក» ដែលរៀបចំដោយក្រុមអតីតបក្សប្រឆាំងនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសនាំគ្នា «បរិភោគនំបញ្ចុក» ទាំងអស់គ្នា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការងឿងឆ្ងល់ផងដែរ ចំពោះក្រុមអតីតបក្សប្រឆាំង ដែលយករឿងនំបញ្ចុក មកធ្វើជារឿងនយោបាយទៅវិញ រហូតដល់បង្កើតជាកម្មវិធីហូបនំបញ្ចុក ហើយអ្នកដែលទទួលទាននំបញ្ចុកជាអ្នកស្នេហាជាតិ និងគាំទ្រគណបក្សប្រឆាំងដែលស្លាប់ទៅនោះ។
យ៉ាងណាក៏ដោយ ដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យលើករណីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដង ដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រឿងនំបញ្ចុកហេតុអីបានជានំបញ្ចុកក្លាយទៅជារឿងនយោបាយទៅវិញ មិនយល់? នំបញ្ចុកក្លាយទៅជានយោបាយហើយ ឥលូវវាទៅជាការបង្កើតទិវានំបញ្ចុក ទៅជាស៊ីនំបញ្ចុកស្នេហាជាតិ។ មិចបានជាគេប្រែក្លាយបញ្ហានំបញ្ចុក ឲ្យទៅជារឿងនយោបាយមួយ ថាអ្នកណាស៊ីនំបញ្ចុក គឺសុទ្ធតែជាពួកគាំទ្រគេ ហើយត្រូវនគរបាល សមត្ថកិច្ចតាមដាន ធ្វើឲ្យអ្នកលក់នំបញ្ចុកមួយចំនួន មានការភ័យខ្លាចទៅទៀត»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ដថា «ឥលូវខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសចំពោះសមាជិក សមាជិកាគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន សូមទទួលទាននំបញ្ចុកទាំងអស់គ្នា ហើយលឺគេថាយកថ្ងៃ០៩នេះ ធ្វើជាទិវានំបញ្ចុក។ សូមថ្ងៃទី០៩នេះ សមាជិក សមាជិកាគណបក្សប្រជាជន ថ្នាក់ដឹកនាំតាមខេត្ត គណៈពង្រឹងនាំគ្នាចុះមូលដ្ឋានរៀបចំនំបញ្ចុកឲ្យសមាជិកគណបក្សប្រជាជនស៊ីថ្ងៃទី០៩ ខែមិថុនា»។
តាមរយៈសារមួយនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អះអាងថា មិនមែនជាវិធីបន្លាមុត យកបន្លាជួសនោះទេ ពោលជាការយកពូថៅមកវាយបំបាក់បន្លា ដែលមានចោលតែម្ដងកុំឲ្យនាំភាពចង្រៃដល់គេឯង។ សម្ដេចក៏បានសង្កត់ធ្ងន់ទៀតថា ថ្ងៃក្រោយប្រសិនបើក្រុមអតីតបក្សប្រឆាំងប្រកាស នាំគ្នាទទួលទានអីដើម្បីជួបជុំគ្នានោះ សម្ដេចក៏ប្រកាសឲ្យសមាជិកបក្សប្រជាជនហូបដូចគ្នាផងដែរ។
ផ្ដើមចេញពីបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសរំលេចថា នំបញ្ចុកមិនអាចក្លាយទៅជាការបំបែកបំបាក់ជាតិនោះទេ ព្រោះនំបញ្ចុកជារបស់ខ្មែរ ហើយប្រទេសនានាមិនមាននំបញ្ចុកនោះទេ ពោលមានតែកម្ពុជាមួយប៉ុណ្ណោះ តែតភ្ជាប់ក្នុងរឿងធនជ័យ៕