(ភ្នំពេញ)៖ ដើម្បីឱ្យសាធារណជនកាន់តែច្រើនថែមទៀត បានជ្រាបពីវត្តមាន និងស្គាល់កាន់តែច្បាស់ពីមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការង្កើតឡើង ដើម្បីកៀរគរអំណោយ ឧបត្ថម្ភ និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមជូនដំណឹងពីការដាក់ដំណើរការជាផ្លូវការនូវគេហទំព័ររបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានអាសយដ្ឋាន «www.ckf.org.kh» បន្ថែមពីលើទំព័រ Facebook ផ្លូវការរបស់មូលនិធិដែលមានស្រាប់។
គេហទំព័រនេះមានពីរភាសាគឺភាសាខ្មែរ និងអង់គ្លេស ដែលផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសារបាន, ប្រភេទ និងចំនួនសមាជិក, ព័ត៌មាន និងសកម្មភាពផ្សេងៗ, មធ្យោបាយទំនាក់ទំនង ក៏ដូចជាមធ្យោបាយចូលរួមបរិច្ចាគដើម្បីក្លាយជាសមាជិក, និងឯកសារផ្សព្វផ្សាយនានា ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលទាំងនៅលើទូរសព្ទដៃ, កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។
លើសពីនេះ សាធារណជនក៏នឹងអាចចូលទៅពិនិត្យមើលឈ្មោះ, ចំនួនថវិកាបរិច្ចាគ, ប្រភេទសមាជិក, កាលផុតកំណត់ ឬពេលត្រូវបរិច្ចាគជាថ្មី នៃសមាជិកនីមួយៗ របស់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលខាងមុខផងដែរ។ ដូច្នេះ សូមសាធារណជនទាំងអស់ជ្រាប និងចូលរួមទទួលព័ត៌មានដូចរៀបរាប់ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕