(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានពានរង្វាន់ ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទដ៏ល្អបំផុត ពីទស្សនាវដ្តី International Finance។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cellcard ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។
នេះជារង្វាន់លើកទី២ហើយ ដែលក្រុមហ៊ុន Cellcard បានទទួលនៅក្នុងខែឧសភា ឆ្នាំ២០១៩ ហើយវាបានបង្កើនចំនួនពានរង្វាន់ឲ្យក្រុមហ៊ុន Cellcard រហូតដល់១៤រង្វាន់ ចាប់តាំងពីថ្ងៃដាក់ដំណើរការ បច្ចេកវិទ្យា 4G ឲ្យប្រើប្រាស់ កាលពីខែមករា ឆ្នាំ២០១៧កន្លងមក។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន (Ian Watson) បានថ្លែងថា ពានរង្វាន់នេះ នឹងជួយឲ្យក្រុមហ៊ុន Cellcard រក្សាតំណែងរបស់ខ្លួន ជាអ្នកផ្តល់ប្រព័ន្ធទូរស័ព្ទឈានមុខគេ និងល្អបំផុត នៅអាស៊ីអាគ្នេយ៍។
លោកថា «យើងផ្តោតសំខាន់ លើការយកចិត្តទុកដាក់ ក្នុងការផ្តល់ជូនគុណភាពដល់អតិថិជនរបស់យើង ជាមួយសេវាដែលមាន ល្បឿនលឿនបំផុត សេវាគ្របដណ្តប់ធំបំផុត និងគម្រោងទិន្នន័យទូរស័ព្ទ ដែលមានតម្លៃសមរម្យ»។
លោកបន្តថា «សេវាដែលបានទទួលស្គាល់ ពីអង្គការពិភពលោកនេះ បានបង្ហាញឲ្យឃើញថា យុទ្ធសាស្ត្ររបស់ពួកយើង ពិតជាមានប្រសិទ្ធិភាព និងទទួលបានផ្លែផ្កា។ ពួកយើង នឹងបន្តផ្តល់ជូនអតិថិជន នូវបច្ចេកវិទ្យា 4G ដ៏ល្អបំផុត និងជាមួយគ្នានោះដែរ យើងក៏នឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រ សម្រាប់បច្ចេកវិទ្យាជំនាន់ក្រោយ 5G»។
លោក Watson ក៏បានថ្លែងអំណរគុណ ដល់ទស្សនាវដ្តី International Finance សម្រាប់ការទទួលស្គាល់នេះ ព្រមទាំងបញ្ជាក់លើលក្ខខណ្ឌដាក់ពិន្ទុនោះ យ៉ាងច្បាស់លាស់ និងយុត្តិធម៌។ លោកបន្តថា «ក្រុមការងារ Cellcard ទាំងអស់ពិតជាមានមោទនភាព ក្នុងការទទួលបានពានរង្វាន់នេះ ហើយនឹងបន្តធ្វើឲ្យប្រទេសកម្ពុជា កាន់តែរីកចម្រើននៅក្នុងតំបន់»។
សូមជម្រាបថា កម្មវិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវបានប្រារព្ធធ្វើឡើង ក្នុងទីក្រុងបាងកក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ International Finance គឺជាទស្សនាវដ្តីផ្នែកជំនួញដ៏ល្បីមួយ ដែលផ្តោតលើការរីកលូតលាស់ នៃធនាគារ ហិរញ្ញវត្ថុ និងឧស្សាកម្មព័ត៌មាន និងការវិភាគនានា ពីទូទាំងមជ្ឈិមបូព៌ា អាស៊ី និងអឺរ៉ុប៕