(ភ្នំពេញ)៖ រុំព័ទ្ធដោយសាររិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។
មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។
ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក iPad នៅក្នុងហាងវីងមួយកន្លែង នៅខណ្ឌទួលគោកនោះ នៅតែក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នកលេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានតែម្តង។
ការដោះលែងនេះក៏មានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន និងមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ដទៃទៀត ព្រមទាំងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទូរស័ព្ទមកជាបន្តបន្ទាប់មកកាន់អង្គភាពព័ត៌មាន Fresh News ថា ហេតុអ្វីបកស្រាយ និងអនុវត្តន៍យ៉ាងដូច្នេះទៅវិញ ដែលនាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិទៀតផង។ ហេតុអ្វីមិនបញ្ជូនទៅកាន់តុលាការសិន ដើម្បីកាត់ទោស ឬរកមេធាវីការពារខ្លួនដើម្បីដោះបន្ទុក ដើម្បីបង្ហាញថា រាល់ជនល្មើសទាំងអស់នឹងរងការកាត់ក្តី នៅស្ថាប័នតុលាការ មិនគួរណាមន្រ្តីសមត្ថកិច្ចជាអ្នកអារ-កាត់នោះទេ៕