(បាត់ដំបង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាកាំកុងត្រូលនៅខេត្តបាត់ដំបង យកចិត្តទុកដាក់ជួយសម្រួលធុរកិច្ចរបស់សហគ្រាសធុនតូច និងតូចបំផុត ដើម្បីលើកស្ទួយការអភិវឌ្ឍវិស័យឯកជន និងកំណើនសេដ្ឋកិច្ចជាតិ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាកាំកុងត្រូលខេត្ត ដែលរៀបចំឡើងនៅក្នុងសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្ម និងចែករំលែកព័ត៌មានអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ទាក់ទងវិស័យពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានពន្យល់អំពីច្បាប់វិនិយោគកម្ពុជា ជាមួយតួនាទី និងភារកិច្ចស្នូលរបស់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តារាជធានីខេត្ត ក្នុងការចូលរួមពង្រឹងវិស័យសហគ្រាសធុនតូច និងតូចបំផុត តាមរយៈការផ្តល់សេវាសាធារណៈ, ការពិគ្រោះយោបល់, ការជួយសម្របសម្រួល, ការស្វែងរកទីផ្សារ និងការធ្វើអន្តរាគមន៍នៅពេលតម្លៃមានការធ្លាក់ចុះជាដើម។
«នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) យើងមិនអនុញ្ញាតឱ្យវិនិយោគិនបរទេស ចូលមកក្រសោបយកការងាររបស់សហគ្រាសធុនតូច និងតូចបំផុតបានឡើយ ជាពិសេសមុខរបរទាក់ទងសេវាកម្មតូចតាច ព្រោះវាអាចប៉ះពាល់ជីវភាពប្រជាជន ហើយនេះ គឺជាកិច្ចការដែលមន្ទីរពាណិជ្ជកម្ម ត្រូវពិនិត្យមុននឹងផ្តល់អាជ្ញាប័ណ្ណជូនអ្នកវិនិយោគទាំងនោះ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
ទន្ទឹមគ្នានោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពាណិជ្ជកម្មទាំងអស់ អំពីវិធានការណ៍ចាំបាច់មួយចំនួន ដែលក្រសួងពាណិជ្ជកម្មគ្រោងអនុវត្តន៍ ដើម្បីពង្រឹងស្ថិរភាពតម្លៃកសិផល និងផលិតកម្មរបស់សហគ្រាសធុនតូច និងតូចបំផុត ដូចជាការបង្កើតគម្រោងសាកល្បង ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាជំនួយប្រទេសចិន នៅក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីសាងសង់សៃឡូ (ឡសម្ងួត) និងទិញកសិផលពីប្រជាកសិករទៅតាមតម្លៃទីផ្សារ, ការអនុវត្តន៍គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផល និងតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារចាស់ និងថ្មី ព្រមទាំងការបង្កើតក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ។
បន្ថែមលើនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មទាំងអស់ ប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងម៉ត់ចត់បំផុត ដើម្បីបង្កើនផលិតភាពសម្រាប់ផលិតផលនៅក្នុងខេត្ត និងធ្វើការតភ្ជាប់ផលិតកម្មទាំងនោះទៅនឹងទីផ្សារ សំដៅធានាបាននូវស្ថិរភាពចង្វាក់ផលិតកម្ម និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ខិតខំប្រឹងប្រែងសិក្សាមុខជំនាញសំខាន់ៗមួយចំនួនដូចជា ភាសាអង់គ្លេស, កុំព្យូទ័រ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយជាដើម ដើម្បីទទួលបានការតែងតាំងមុខតំណែងកាន់តែខ្ពស់ ជាមួយឱកាសចេញទៅបន្តការសិក្សា ឬបំពេញការងារជាអនុព័ន្ធពាណិជ្ជកម្មនៅតាមបណ្តាស្ថានទូតនានារបស់កម្ពុជានៅក្រៅប្រទេស៕