(កំពង់ចាម)៖ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក ឡូវ ហ៊ឺង និងលោកឧកញ៉ា ជា លាងហុង និងព្រមទាំងសប្បុរជនមួយចំនួនទៀត បាននាំយកនូវអំណោយរបស់សម្តេចតេជោតាមរយៈលោក ហ៊ុន ម៉ាណែត នូវសម្ភារសិក្សាជាសៀវភៅ ប៊ិច ថ្នាំពេទ្យ ប្រហុក និងថវិកា ជូនសិស្សានុសិស្សសាលាបឋមសិក្សាបឹងទីង និង ប្រជាពលរដ្ឋជាច្រើន នៅភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។

តំណាងក្រុមការងារចុះជួយឃុំទងត្រឡាច បានលើកឡើងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធិផលជាច្រើន បានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស ប៉ុស្តិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយ ប្រជាពលរដ្ឋដែលមានជំងឺ ឈឺស្លាប់ នៅក្នុងឃុំទងត្រឡាចផងដែរ។

លោកឧកញ៉ា ជា លាងហុង បាន លើកឡើងថា ការលើកកម្ពស់សិទ្ធិកុមារ តាមរយៈការលុបបំបាត់អំពើហិង្សាគ្រប់រូបភាព គឺប្រធានបទនេះ ពិតជាមានសារៈសំខាន់ដើម្បីរំលឹកដល់ សិទ្ធជាមូលដ្ឋានរបស់កុមារ ព្រមទាំងបង្ហាញអំពីការយកចិត្តទុកដាក់ អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាអវិជ្ជមាន និងគាំពារការអភវិឌ្ឍន៍សមត្ថភាពកុមារ ដើម្បីក្លាយជាធនធានដ៍មានតម្លៃ សម្រាប់ការអភិវឌ្ឍន៍សង្គម។

លោក ឡូវ ហ៊ឹង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅតាមមូលដ្ឋាន ជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជាដើម ហើយសម្តេចទាំងទ្វេរ បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។

លោក ឡូវ ហ៊ឹង បានផ្តាំផ្ញើថា ដើម្បីសង្គមមួយមានការរីកចម្រើន គឺពឹងផ្អែកទៅលើធនធានមនុស្ស ដែលប្រកបដោយចំណេះដឹង ដូច្នេះសូមលោកឪពុក អ្នកម្តាយ អាណាព្យាបាលត្រូវបញ្ជូនកូន មកកាន់សាលារៀន ដើម្បីសម្រេចក្តីសុបិន្តរបស់កុមារ រួមទាំងសូមអោយក្មួយៗ សិស្សានុសិស្សទាំងអស់ ជៀងឲ្យឆ្ងាយការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ជាដែលមូលហេតុ បំផ្លាយអនាគតនិងសង្គមជាតិផងដែរ។

អំណោយរបស់សម្តេច តេជោ ហ៊ុន សែន តាមរយៈលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត រួមមាន សិស្សានុសិស្ស២៣០នាក់ ម្នាក់ៗទទួលបានប៊ិច០១ដើម សៀវភៅ០២ក្បាល ថវិកា៥០០០ពាន់រៀល លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ថវិកាមួយចំនួន ឧបត្ថម្ភការចាក់ដី ក្នុងវត្តបឹងទីង១លាន៧៥ម៊ឺនរៀល ឧបត្ថម្ភអ្នកជំងឺ១៣នាក់ ថវិកា៦៥ម៊ឺនរៀល ឧបត្ថម្ភអ្នកស្លាប់ថវិកា២៥ម៉ឺនរៀល ឧបត្ថម្ភគ្រួសាររៀបអាពាពិពាហ៍ និងគ្រួសារទីទ័លក្រ នូវថវិកាមួយចំនួន៕