(ព្រះសីហនុ)៖ ចម្លើយសារភាពបឋមរបស់ឃាតកសម្លាប់ក្មេងទាំងពីរនាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចអះអាងថា ផ្ដើមចេញពីគ្រឿងញៀន និងស្រា ដែលជននេះបានសេពរហូត ប្រព្រឹត្តអំពើឃាតកម្មដ៏ព្រៃផ្សៃមួយនេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនដៃដល់បានសម្លាប់ក្មេងតូចទាំងពីរនាក់ គឺកើតឡើងនៅពេលដែលរូបគេផឹកស្រាស្រវឹង និងជក់គ្រឿងញៀន ហើយជនដៃដល់រូបនេះ ក៏ធ្លាប់ជាប់ពាក់ព័ន្ធបទល្មើសចាប់រំលោភគេ កាលពីពេលកន្លងទៅផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ ដែលកំពុងសួរនាំដោយផ្ទាល់ បានបញ្ជាក់ថា មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រារហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធស្រាប់តែឃើញ ក្មេងរងគ្រោះទាំងពីរនាក់ នៅក្នុងផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភ ហើយឈានទៅដល់ការសម្លាប់តែម្ដង។

សូមបញ្ជាក់ថា ជនដៃដល់ដែលសម្លាប់ក្មេង ២នាក់បងប្អូន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់។

ជនដៃដល់ឈ្មោះ មាង វិចិត្រ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅរសៀលថ្ងៃម្សិលមិញ នៅស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង។

អំពើឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយកុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ៕