(កំពង់ស្ពឺ)៖ ដោយមានការអនុញ្ញាតពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩, លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារអប់រំ នយោបាយចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងពិធីផ្សព្វផ្សាយនេះដែរ ក៏មានការអញ្ជើញចូលរួមពីណាក់ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកមេបញ្ជាការង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួន៨៨ រូបបានអញ្ជើញចូលរួមផងដែត។
ការងារអប់រំនយោបាយចិត្តសាស្ត្រពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទហាន នាយទាហានរង នៃកងរាជអាវុធហត្ថគ្រប់រូប ក្តាប់ជាប់នូវការវិវត្តន៍ នៃសភាពការនយោបាយ និងសន្តិសុខសង្គមជាតិ-អន្តរជាតិ យល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកម្មបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតហ៊ានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញការពារបូរណភាពទឹកដី បម្រើនិងការពារប្រជាពលរដ្ឋ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចំរើន រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ៕