(រតនគិរី)៖ លោក មាន វណ្ណា ប្រធានកម្មវិធីប្រយុទ្ធ និងជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះថា ជំងឺគ្រុនឈាមបាននិងកំពុងរាតត្បាត នៅភូមិកាឡាន់ញ៉ៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។ មន្រ្តីរូបនេះបានបន្តថា ជំងឺគ្រុនឈាមបានផ្ទុះឡើងនៅភូមិឃុំខាងលើ នាចុងខែឧសភា គិតមកដល់ពេលនេះមានរយៈពេល ៥ថ្ងៃហើយ សរុបមានចំនួន ៨៧ករណី តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្ត បានចាត់មន្រ្តីជំនាញចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់ប្រភពមូសខ្លានៅទីតាំងផ្ទុះជំងឺនេះកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរបានយកម៉ាស៊ីនបាញ់ថ្នាំខ្នាតធំបន្តប្រតិបត្តិការថែមទៀត។
លោកថា «ជំងឺគ្រុនឈាមដែលបានរាតត្បាត ក្នុងភូមិសាស្រ្តខាងលើនេះ កើតលើមនុស្សទូទៅមិនថាចាស់ ឬក្មេងនោះទេ ប៉ុន្តែភាគច្រើនក្នុង ៨៧ករណីនេះ កុមារមានចំនួនច្រើនជាងមនុស្សពេញវ័យ ហើយបច្ចុប្បន្ន មន្រ្តីជំនាញកម្មវិធីប្រយុទ្ធ និងជំងឺគ្រុនឈាម បាននិងកំពុងពិនិត្យព្យាបាលជំងឺនិងកន្លែង ២៤ម៉ោងលើ ២៤ម៉ោង ហើយមានរថយន្តសង្រ្គោះ ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀម បង្ការក្នុងករណីដែលអ្នកជំងឺ មានសភាពធ្ងន់ធ្ងរដឹកយកមកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី»។
លោក មាន វណ្ណា បានលើកឡើងពីមូលហេតុ និងការចម្លងរោគសញ្ញា ការបង្ការ និងសកម្មភាពអន្តរាគមន៍រួមមាន៖
*ទី១៖ មូលហេតុ និងការចម្លង
ជំងឺគ្រុនឈាមជាជំងឺឆ្លងមួយដ៏កាចសាហាវ ដែលបង្កឡើងដោយវីរុស (Dengue )។ វាអាច ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បានតាមរយៈការខាំរបស់មូសខ្លាញី។ ជាទូទៅមូស ខ្លាធ្វើសកម្មភាពខាំមនុស្ស ចាប់ពីព្រលឹមទល់ព្រលប់។ វាអាចបង្កកំណើតបានតាមរយៈវត្ថុ ដក់ទឹកមួយចំនួនដូចជា៖ ពាង អាង សំបកកង់ឡាន ត្រឡោកដូង សំភារៈចាស់ៗ មិនប្រើប្រាស់ដែលមានដក់ទឹកជាដើម។ ជម្រករបស់វាគឺនៅតាមព្រៃល្បះជុំវិញផ្ទះ និងនៅក្នុងផ្ទះ(កន្លែងងងឹត ជាពិសេសកន្លែងព្យួរសំលៀកបំពាក់)។
*ទី២៖ រោគសញ្ញា
-រោគស្រាល៖ គ្រុនក្តៅខ្លាំង កំដៅឡើងដល់ ៣៨អង្សារ ឈឺក្បាល ឈឺសន្លាក់ដៃជើង ឈឺសាច់ដុំ ឈឺរង្វង់ភ្នែក ឡើងចំណុចក្រហមលើស្បែក
-រោគសញ្ញាធ្ងន់ធ្ងរ៖ មានការហូរឈាមតាមរន្ធញើស តាមច្រមុះ និងអញ្ចាញធ្មេញ ក្អួតឈាម ជុះឈាម និងសន្លឹមបាត់បង់ស្មារតី។
*ទី៣៖ ការបង្ការ
លាងសំអាតពាងអាងរាងរាល់សប្តាហ៍ សំអាតបរិស្ថានជុំវិញផ្ទះ (កាប់ឆ្ការព្រៃ ប្រមូលសំរាម សំបកកង់ឡាន និងវត្ថុដក់ទឹកផ្សេងៗជីកកប់ ឬដុតចោល) ស្លៀកពាក់ខោអាវវែងៗ ដេកក្នុងមុង ប្រើប្រាស់ធូបមូសឬថ្នាំលាបការពារមូសខាំ។
*ទី៤៖ សកម្មភាពអន្តរាគមន៍
អប់រំសុខភាព ដាក់ថ្នាំអាបែត បាញ់ថ្នាំសម្លាប់មូស ដាក់ក្រុមគ្រូពេទ្យប្រចាំការនៅកន្លែងផ្ទុះជំងឺ និងត្រៀមរថយន្តសង្រ្គោះ ២៤លើ ២៤ម៉ោង៕