(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះថា មន្ត្រីយោធាម្នាក់ ដែលផឹកស្រាស្រវឹង ហើយដកកាំភ្លើងចំនួន៤គ្រាប់ផ្អើលនៅខារ៉ាអូខេ B Gold ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលយប់មិញនោះ ពេលនេះបានយល់ព្រមប្រគល់ខ្លួនឲ្យអាវុធហត្ថខេត្តកណ្តាល ដោយសារភាពពីទោសកំហុស។

លោកឧត្តមសេនីយ៍បន្តថា នៅពេលនេះ មន្ត្រីអាវុធហត្ថក្រុងតាខ្មៅ កំពុងធ្វើការសួរនាំមន្ត្រីយោធាដែលបាញ់បោះសេរី ដើម្បីចាត់វិធានការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកណ្តាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមិថុនានេះបង្ហាញថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីយប់ នៅចំណុចខារ៉ាអូខេ B-Gold ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនទំនើងមានឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងមួយចំនួនត្រូវបានសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុ ដែលក្នុងនោះមាន ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១, សោរ ម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១, កូនសោររថយន្ត១ តេឡេរថយន្ត១)។ ជននេះ បានបើកាំភ្លើងខ្លី ម៉ាកឡុក ផ្ទុកគ្រាប់ចំនួន០៤ តែបានបាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច គឺនៅមុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន០៣គ្រាប់។ ពេលនោះជនសង្ស័យបានស្រែកថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេចខ្លួនបាត់តែម្តង»៕

នគរបាល និងអាវុធហត្ថខេត្តកណ្តាល កំពុងសួរចម្លើយជនសង្ស័យ ជាមន្រ្តីយោធា