(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីចប់ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១០ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជាចំនួន ២៥នាក់ ដើម្បីត្រៀមបើកទ្វារផ្ទះ ទទួលក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា(2022 FIFA World Cup qualification-AFC) នាថ្ងៃទី០៦ ខែមិថុនាខាងមុខជាផ្លូវការហើយ ។
ទន្ទឹមជាមួយការបង្ហាញបញ្ជីឈ្មោះក្រុមរហស្សនាមគោព្រៃកម្ពុជានេះ មានរឿងគួរឲ្យចាប់អារម្មណ៍មួយចំនួន ពិសេសកីឡាករ ចាន់ វឌ្ឍនាកា(CV-11) ដែលទើបត្រូវក្លឹបលីគកំពូលម៉ាឡេស៊ី PKNS បញ្ចប់កិច្ចសន្យាមុនការកំណត់ មិនត្រូវបានកោះហៅនោះឡើយ ខណៈកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន សមាជិកក្លឹប Terengganu របស់ម៉ាឡេស៊ី ត្រូវបានលោក Felix គ្រូបង្វឹកកោះហៅជាថ្មី ។
គួរដឹងថា ក្នុងចំណោមសមាជិកក្រុមជម្រើសជាតិកម្ពុជា ទើបបង្ហាញនេះ ត្រូវបានចម្រាញ់ចេញពីក្លឹបចំនួន១១ ក្នុងនោះមាន ១០ក្លឹបជាសមាជិកលីគកំពូលកម្ពុជា រួមមានព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល, អង្គរថាយហ្គឺរ, បឹងកេត, វិសាខា, ក្រសួងការពារជាតិ, ភ្នំពេញក្រោន, គិរីវង់សុខសែនជ័យ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទី ខណៈមានសមាជិកក្លឹបកំពូលម៉ាឡេស៊ីម្នាក់ គឺកីឡាករ ធារី ចន្ថាប៊ីន ។
តាមគម្រោងក្រោយបង្ហាញបញ្ជីឈ្មោះក្រុមគោព្រៃកម្ពុជា គ្រូបង្វឹកជនជាតិអាហ្សង់ទីនលោក Felix នឹងបើកយុទ្ធនាការហ្វឹកហាត់ នៅថ្ងៃទី០៣ ខែមិថុនា ដើម្បីត្រៀបជួបប៉ាគីស្ថាន នា ៣ថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី០៦ ខែមិថុនា មុនចេញទៅប្រកួតកាត់សេចក្ដីជើងទី២ នៅទីក្រុងដូហា ប្រទេសកាតា(ទឹកដីកណ្ដាល) ដើម្បីកំណត់ក្រុមឈ្នះ ឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដែលកាតាធ្វើជាម្ចាស់ផ្ទះ៕