(ភ្នំពេញ)៖ ជនដៃដល់ដែលសម្លាប់ក្មេង២នាក់បងប្អូន ត្រូវបានបញ្ជូនចេញពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានថ្លែងឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលបានចាប់ខ្លួនជនដៃដល់ ឈ្មោះ មាង វិចិត្រ ដែលបានសម្លាប់ក្មេង២នាក់បងប្អូន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុហើយ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិអំពើរំលោភ និងសម្លាប់ក្មេងស្រី២នាក់បងប្អូនមែន។
គួរជម្រាបថា នៅវេលាម៉ោង១៦៖៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានចាប់បញ្ជូនជនដៃដល់ និងប្រពន្ធ (២នាក់ប្តីប្រពន្ធ) មកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃហើយ ពាក់ព័ន្ធនឹងករណីចាប់រំលោភនិងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ។
អំពើឃាតកម្មដ៏សាហាវខាងលើនេះ បានបណ្តាលឲ្យមានការប្រកាសថ្កោលទោសយ៉ាងខ្លាំងៗ តាមបណ្តាញសង្គម Facebook រហូតប្រជាពលរដ្ឋខ្លះបានបញ្ចេញមតិ ឲ្យសមត្ថកិច្ចពេលចាប់បាន វាយសម្លាប់ចោលទៀតផង តែប្រទេសមានច្បាប់ជនដែលប្រព្រឹត្តខុសត្រូវកាត់ទោសដោយតុលាការ។
សូមជម្រាបថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។
ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ៕