(ភ្នំពេញ)៖ ដូចទៅនឹងទម្លាប់មុនៗដែរ នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដើម្បីទទួលស្គាល់អំពីការខិតខំរៀនសូត្ររហូតទទួលបានជោគជ័យរបស់ពួកគេ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាសាកលវិទ្យាល័យដ៏ចំណាស់ និងមានគុណភាពធំមួយរបស់កម្ពុជា ដែលបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជារាប់ម៉ឺននាក់។

លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងពិធីប្រគល់សញ្ញាបត្រ នាថ្ងៃស្អែកនេះ មាននិស្សិតជ័យលាភីដែលបញ្ចប់ការសិក្សា (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់) សរុប ៣,១៦១រូប (ស្រី ១,៤៨៨រូប) ហើយក្នុងចំណោមនិស្សិតដែលទទួលសញ្ញាបត្រនេះ ក៏មានបរិញ្ញាបត្រជាន់ខ្ពស់ ១៤៤រូប (ស្រី៤៩រូប) ផងដែរ។

លោកបានបញ្ជាក់បន្ថែមថា គិតតាំងពីបង្កើតឡើងពីឆ្នាំ១៩៨០ រហូតដល់ពេលនេះ RUPP បានទទួលការផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដោយ សម្តេចតេជោ ហ៊ុន សែន ជូនដល់និស្សិតបញ្ចប់ការសិក្សា ចំនួន២២លើករួចទៅហើយ ដែលលើកនេះ ក៏ជាលើកទី២៣ផងដែរ។

គិតចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាននិស្សិតចំនួន ៤៧,៦៨៥នាក់ហើយ ដែលបានបញ្ចប់ការសិក្សា ក្នុងនោះក៏មានស្រី ១៧,០៣៧នាក់ផងដែរ។ បច្ចុប្បន្ន RUPP ក៏កំពុងមាននិស្សិតកំពុងសិក្សា ២១,៦៦៩នាក់ (ស្រី ១០,៩៤៨)៕