(សៀមរាប)៖ បន្ទាប់ពីក្រុមការងារចម្រុះរបស់រដ្ឋបាលសាលាខេត្ត និងអ្នកយកព័ត៌មាន បានចុះផ្សាយពីករណីចុះផ្អាកបណ្តោះអាសន្ន របស់គម្រោងបុរីមួយចំនួន នៅក្នុងស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅស្រុកបន្ទាយស្រី និង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយពីមានលេចលឺព័ត៌មានមួយមិនល្អ ដែលខាងក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តសៀមរាប និងព័ត៌មានបានចេញព័ត៌មានព្រោងព្រាត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះមក តំណាងក្រុមហ៊ុន អង្គរលែនម៉ាក្ស បន្ទាយស្រី គឺអ្នកនាង មុយ ណារ៉ា និង អ្នកនាង ឆយហ្រី្វដា ដែលជាអ្នកគ្រប់គ្រងរបស់គម្រោងបុរីអង្គរ លែនម៉ាក្សនោះ បានចេញមុខបកស្រាយនៅចំពោះមុខអ្នកសារព័ត៌មានថា គម្រោងអាជីវកម្មរបស់ក្រុមហ៊ុន អង្គរលែន ម៉ាក្ស គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ មិនមែនអត់ច្បាប់ដូច បណ្តាញសារព័ត៌មានផ្សព្វផ្សាយនោះទេ ហើយគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន អង្គរលែនម៉ាក្ស នៅស្រុកបន្ទាយស្រីនោះ គឺពិតជាមានច្បាប់អនុញ្ញាតត្រឹមត្រូវ តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់លើពិតប្រាដកមែន មិនមែនក្លែងបន្លំ ឬបោកប្រាស់ លួចដីពីប្រជាពលរដ្ឋ ឬលួចសាង់សង់ ដោយគ្មានការអនុញ្ញាតនោះឡើយ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ទៀតថា ចំពោះដីដែលក្រុមហ៊ុនកំពុងតែបំរ៉ុងរៀបចំគម្រោងសាងសង់នេះ មានផ្ទៃដីចំនួន៤៥ហិកតាដំបូង ក្នុងចំណោមដី២២៣ហិកតាសរុប។ ហើយគម្រោងបុរីអង្គរលែនម៉ាក្ស ដែលត្រូវបើកពុះឡូតិ៍ដីលក់នោះ មានទីតាំងស្ថិតនៅក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដល់ដីនោះមុន ទើបទៅដល់ទីរួមស្រុកបន្ទាយស្រី។
សូមបញ្ជាក់ថា ក្រុមហ៊ុនបានបង្ហាញលិខិតអនុញ្ញាត ជូនទៅសាលាខេត្តសៀមរាបរួចរាល់ហើយដែរ ដើម្បីបញ្ចាក់អំពីភាពស្របច្បាប់ នៃដំណើរការអភិវឌ្ឍន៍នៃគម្រោងនេះ តាមរយៈលិខិតអនុញ្ញាតពីអាជ្ញាធរដែនដីជាមុន ក្នុងនោះមាន៖ លើកផ្លាកផ្សព្វផ្សាយ ឈូសឆាយដី បើកប្រព័ន្ធផ្លូវ ដាក់ភ្លើង រៀបចំពុះដីឡូតិ៍ តូចៗសម្រាប់លក់ បង់រំលោះ និង ឯកសារផ្លូវច្បាប់ផ្សេងៗទៀត។
គួរបញ្ជាក់ថា បច្ចុប្បន្នគម្រោងរបស់ក្រុមហ៊ុន អង្គរ លែនម៉ាក្ស មានសកម្មភាពត្រឹមតែឈូសឆាយដី និងរៀបដីឲ្យស្អាតជាមុន បើកប្រព័ន្ធផ្លូវដាក់លូ តបណ្តាញភ្លើង ដូច្នេះក្រុមហ៊ុនមិនទាន់មានសកម្មភាព សាងសង់គម្រោងផ្ទះវិឡា ឬ ល្មើសទៅនិងបទបញ្ជាច្បាប់ របស់រាជរដ្ឋភិបាលកម្ពុជានៅឡើយទេ។
ចំណែកគម្រោងសាងសង់ជាផ្ទះវិឡាខ្មែរ និងគម្រោងផ្សេងៗទៀត ក្រុមហ៊ុនរបស់យើងខ្ញុំកំពុងដំណើរការស្នើសុំច្បាប់ បន្តទៅមន្ទីរដែនដី នគរូបនីកម្ម និងសំណង់ខេត្ត សង្ឃឹមនឹងទទួលបានច្បាប់អនុញ្ញាតសាងសង់ ដោយមានការយោគយល់ជួយសម្រួល ពីអាជ្ញាធរដែនដី ជូនដល់ក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយពន្លឿនកាត់ ប្លង់នៅអាជ្ញាធរមូលដ្ឋាន ឃុំដល់ស្រុកផង កុំឲ្យចំណាយពេលយូរខ្លាំងពេក ព្រោះអាចធ្វើឲ្យរាំងស្ទះដល់ការស្នើសុំច្បាប់កាត់ប្លង់រឹង និងប្លង់សាងសង់គម្រោងផ្សេងៗទៀត របស់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីទទួលបានសិទ្ធិស្របច្បាប់សាងសង់ គម្រោងផ្ទះនោះផង។
ក្រុមហ៊ុន អង្គរលែន ម៉ាក្ស បន្ទាយស្រី សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាជួយលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលបានខិតខំប្រឹងប្រែង មកអភិវឌ្ឍក្នុងទឹកដី ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈគម្រោងអភិវឌ្ឍអង្គរលែនម៉ាក្ស និងជួយដល់ការអភិវឌ្ឍយ៉ាងច្រើន ជាពិសេស លើកស្ទួយវិស័យទេសចរណ៍ បង្កើនលំនៅដ្ឋាន សម្រាប់អ្នកមានចំណូលទាប សាងសង់រំលេចដោយរចនាបទខ្មែរទំនើបជាច្រើនម៉ូដ និងកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសនឹងជួយបង្កើតការងាររាប់ពាន់កន្លែង ដល់ប្រជាជនក្នុងតំបន់ និងជំរុញលើកស្ទួយសេដ្ឋកិច្ចគ្រួសារ របស់ប្រជាជនក្នុងស្រុកបន្ទាយស្រី ឲ្យបានល្អប្រសើរ៕