(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅវិហារបឹងកក់។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណបងប្អូនខ្មែឥស្លាមទូទាំងប្រទេស ដែលតែងតែបោះឆ្នោតគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍សង្គមគ្រួសារនិងប្រទេសជាតិអោយកាន់តែរីកចម្រើន។
ឆ្សម្តេចបានជូនពរបងប្អូនខ្មែរឥស្លាម និងជនរួមជាតិបានសប្បាយរីករាយចុងសប្តាហ៍ ហើយសូមមានសុខសុវត្ថិភាពក្នុងការបើកបរនៅតាមដងផ្លូវទូទាំងប្រទេស។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី២ ខែ រ៉ាម៉ាឌន ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅក្នុងពិភពលោកកំពុងបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែ ក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់នៅលើសកលលោក៕