(ត្បូងឃ្មុំ)៖ មានសកម្មភាពលួច នាំចូលរថយន្តប្រភេទបែនដឹកដី ចំនួន៣គ្រឿង មកពីប្រទេសវៀតណាម តាមច្រករបៀង ចូលមកលាក់ទុក ក្នុងទីតាំងអង្គភាព កងឯកភាពស្ថាបនាថ្នល់លេខ ៧១៨ មានទីតាំងនៅជាប់ផ្លូវខ្សែក្រវាត់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្ត ភូមិទួលសំរ៉ែ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង២១៖២០ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។
ទទួលបានព័ត៌មាននេះភ្លាម លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានចាត់បញ្ជាមន្ត្រីក្រោមឱវាទ ដើម្បីឡោមព័ទ្ធ រហូតដល់ព្រឹក ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា ខេត្តត្បូងឃ្មុំ ដែលចុះអនុវត្តផ្ទាល់ ដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង រួមសហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមន្រ្តីនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តត្បូងឃ្មុំផងដែរ។
អនុវត្តកិច្ចសហប្រតិបតិ្តការនេះ ពិនិត្យឃើញមានរថយន្តបែនដឹកដី (មានបែន) ចំនួន២គ្រឿង និងគ្មានបែនចំនួន១គ្រឿង សុទ្ធតែគ្មានពន្ធនាំចូល។
សូមបញ្ជាក់ថា ឈ្មួញពិតជាមានល្បិចខ្ពស់ហួសពីការស្មាន ព្រោះរថយន្តទាំងនេះ តាមព័ត៌មានដែលទទួលបានពីប្រទេសវៀតណាម បានឲ្យដឹងថា មន្ត្រីកងវិស្វកម្ម ៧១៨ បានទិញរថយន្តប្រភេទ បែនដឹកដី ពីប្រទេសវៀតណាម ដោយបាញ់ពណ៌ ត្រេអ៊ីរួចជាស្រេច ហើយយកស្លាកលេខក្លែងក្លាយ (លេខ ខ.ម មិនមានក្នុងបញ្ជីទ្រព្យរដ្ឋ) ទៅបំពាក់រួចបើកចូលមកប្រទេសកម្ពុជា។
រថយន្ត ដែលនាំចូលមក មានចំនួន៤គ្រឿង ប៉ុន្តែមួយគ្រឿងទៀត ឃើញកម្លាំងឡោមព័ទ្ធ ក៏ត្រឡប់ក្រោយ ចូលប្រទេសវៀតណាមវិញ៕