(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត រួមដំណើរដោយលោក-លោកស្រី អនុសាខាកាកបាទ ក្រហមស្រុកពញាក្រែក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសពកុមារា អាយុ៦ឆ្នាំម្នាក់ និងកុមារី អាយុ៦ឆ្នាំម្នាក់ទៀត នៅភូមិសេរីសុខា ស្ថិតនៅឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានលង់ទឹក ស្រះស្លាប់ទាំង២នាក់ កាលពីថ្ងៃទី០១ ខែមិថុនា ម្សិលមិញនេះ។

នៅក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត បាននាំនូវការផ្តាំផ្ញើសេចក្តីរំលែកទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់អាយុជីវិតក្មេងប្រុស ស្រីទាំង២នាក់ ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋដទៃទៀត ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅដែលរបស់ខ្លួន ចៀសវាងមានគ្រោះថ្នាក់ជាយថា ហេតុដូចពេលនេះ និងសុំឲ្យអាជ្ញាធរស្រុក ឃុំ កោះអញ្ជើញម្ចាស់ស្រះ មកណែនាំឲ្យធ្វើរបងព័ទ្ធជុំវិញស្រះរបស់ខ្លួន ដើម្បីចៀសវាងមានករណីគ្រោះថ្នាក់កើតឡើងទៀតដូចថ្ងៃនេះ។

លោក ហាក់ សុខមករា បានជម្រាបជូនអំពី អំណោយដែលបានផ្តល់ជូនគ្រួសារសពទាំង២នាក់ ដែលក្នុងនោះ១គ្រួសារៗ ទទួលបាន៖ អង្ករ៥០គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេស, ទឹកសុទ្ធ១កេស, និងថវិកា ២០០,០០០រៀល៕