(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំនួររបស់អ្នកចូលរួម ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅប្រទេសសិង្ហបូរី នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វ័យ ហ្វ៊ុងហរ័ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានបញ្ជាក់ថា យ៉ាងច្បាស់ថា មិនមានមូលដ្ឋានយោធាចិន នៅលើទឹកដីកម្ពុជាទេ។
នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ (The Shangri-La Dialogue) សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំដោយ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំនេះ និង មានអមតំណើរដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម និង នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និង ជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេសក្រសួងការពារជាតិ ។
ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅប្រទេសសិង្ហបូរី ប្រមុខការពារជាតិមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក និង អឺរ៉ុប បានឡើងថ្លែងសន្ទរកថា គន្លឹះដើម្បីប្រាប់ឱ្យពិភពលោកបានដឹងអំពីភាពស្មុកស្មាញ និង ការប្រឈមផ្នែកសន្តិសុខ ក្នុងពេលបច្ចុប្បន្ន ព្រមទាំងបានចែករំលែកនូវ ទស្សនៈ សភាពការណ៍ថ្មីៗ ចំណេះដឹង និង បទពិសោធន៍ ដើម្បីជាប្រយោជន៍នាំមកនូវ សន្តិភាព និង ស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំក៏បានពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ។
ការផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា បានធ្វើឡើងជាបន្តបន្ទាប់ នៅលើសារព័ត៌មានអនឡាញមួយចំនួន ដែលមានប្រភពមិនច្បាស់លាស់ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន បានបង្ហាញការសង្ស័យថាមានមូលដ្ឋានទ័ពចិន នៅលើទឹកដីកម្ពុជា។
ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេសនេះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ជំហរ យ៉ាងច្បាស់រួចហើយថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជានោះឡើយ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រកាសទៀតថា កម្ពុជាក៏មិនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយ អង្គការសហប្រជាជាតិផងដែរ៕