(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានអំពាវនាវឱ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវរួមគ្នាធ្វើការប្រយុទ្ធប្រឆាំង និងជំងឺគ្រុនឈាម ធ្វើយ៉ាងណាកុំឲ្យជំងឺគ្រុនឈាមនេះ ផ្ទុះកើតមានឡើងនៅក្នុងខេត្តព្រះវិហារ។

លោក គួង ឡូ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ ឲ្យដឹងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះថា ជំងឺគ្រុនឈាម ជាបញ្ហាស្មគ្រស្មាញមួយ សម្រាប់យើងទាំងអស់គ្នា ពិសេសយើងទាំងអស់គ្នា ដែលធ្វើការលើវិស័យសុខាភិបាល។

ទន្ទឹមនឹងនោះ លោកក៏បានណែនាំដល់មន្ត្រីសុខាភិបាល ដែលនៅតាមមណ្ឌលសុខភាពនានា ត្រូវឲ្យមានការច្បាស់លាស់ ករណីសង្ស័យថា ជំងឺគ្រុនឈាម ត្រូវបញ្ជូនមកមន្ទីរពេទ្យភ្លាម កុំទុកឲ្យសោះ ករណីគ្រុនក្តៅ គ្រុនក្តៅខ្លាំង ដាក់ថ្នាំអត់ត្រជាក់ រហូតដល់សន្លប់ ទើបបញ្ជូនមកមន្ទីរពេទ្យនោះ ចឹងទេបើសង្ស័យថា ជាជំងឺគ្រុនឈាមត្រូវបញ្ជូនមក មន្ទីរពេទ្យខេត្តជាបន្ទាន់។

ជាមួយគ្នានោះ លោកក៏បាន ណែនាំឲ្យមន្ត្រីសុខាភិបាល ត្រូវចុះអប់រំណែនាំប្រជាពលរដ្ឋ ត្រូវចេះសំអាតបរិស្ថាន អនាម័យជុំវិញផ្ទះ ដូចជាលុបក្រឡុក កប់ចោលនូវកំប៉ុងផ្សេងៗ ដបទឹកសុទ្ធ សំបកដូង និងសំបករថយន្ត ដែលដក់ទឹក ចៀសវាងមូសខ្លាអាចពងបង្កើត ជាមូសខ្លា និងបង្កើតដង្កូវទឹកបាន ហើយបណ្តាលខាំឆ្លងពីម្នាក់ទៅម្នាក់។ យើងទាំងអស់គ្នា ត្រូវរួមគ្នាធ្វើយ៉ាងណា ទប់ស្កាត់ កុំឲ្យខេត្តព្រះវិហារ ផ្ទុះជំងឺគ្រុនឈាម។

លោក គួង ឡូ ក៏បានបញ្ជាក់ផងដែរថា ជាមួយនឹងវិធានការ ការពារជំងឺគ្រុនឈាមនេះ មន្ត្រីសុខាភិបាលខេត្ត កាលពីថ្ងៃម្សិលមិញ បានចុះដាក់ថ្នាំអាល់បេត នៅតាមកន្លែងប្តូរសំបកកង់រថយន្ត នៅតាមផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងក្រុងព្រះវិហារ ព្រមទាំងអប់រំណែនាំឲ្យគាត់ចេះសំអាតអនាម័យជុំវិញផ្ទះថែមទៀតផង៕