(បន្ទាយមានជ័យ)៖ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញជួបប្រជុំ ជាមួយបណ្តារអាជីវករ ដែលរងគ្រោះដោយសារអគ្គិភ័យ នាពេលកន្លងទៅ នៅផ្សារអូរអំបិល ដើម្បីសម្របសម្រួល លើការសាងសង់ផ្សារឡើងវិញ ដើម្បីជួយដល់បងប្អូនអាជីវករ បានលក់ដូរបន្តទៀត។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ។
ជាមួយនឹងគម្រោង នៃការសាងសងផ្សារ ត្រូវចំណាយជាង២០ម៉ឺនដុល្លារអាមេរិក ដែលត្រូវវិនិយោគលោក ហ៊ុយ ឡេង (អ្នកម៉ៅការ) ហើយលោកក៏ផ្តល់ជូនការលក់ដូររបស់អាជីវករ ដោយមិនគិតថ្លៃរយៈពេល២ឆ្នាំ បន្ទាប់មក នឹងគិតថវិកា ទៅតាមទំហំអាជីវកររបស់អាជីករ រួមជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់ ការការពារសន្តិសុខឲ្យបានល្អប្រសើរ។
ទន្ទឹមនឹងនោះ លោក ហ៊ឹល រ៉ាយ៉ា ក៏បានសម្រួលសម្រួល ជាមួយអាជីវរកដែលរងគ្រោះ ហើយបើកដំណើរការសាងសង់ផ្សារ ចាប់ផ្តើមសាងសងទៅតាមគម្រោង លោកនឹងឲ្យបងប្អូនធ្វើការចាប់ឆ្នោត ឬក៏បងប្អូនអាជីវករចង់បានតូប ទៅតាមទីតាំងចាស់ លោកមិនមានការជំទាស់នោះទេ ធ្វើទៅតាមអាជីវករឯកភាពគ្នា។
ក្នុងនោះ លោកអភិបាលក្រុង បានទុកពេលឲ្យបងប្អូនអាជីវករទាំងអស់ពិភាក្សាគ្នា មួយរយៈសិន ដើម្បីធ្វើការប្រជុំសម្រេចលើកក្រោយបន្ត ហើយរដ្ឋបាលក្រុង ក៏នឹងប្រជុំពិភាក្សាជាមួយនឹងថ្នាក់លើបន្តទៀត ដើម្បីធ្វើសម្រេច លើគម្រោងនេះ។
តាមការបញ្ជាក់ពីលោក ហ៊ុយ ឡេង ឲ្យដឹងថា ជាមួយនឹងការម៉ៅការសាងសង់ផ្សារអូរអំបិល លោកនឹងរៀបចំឲ្យបានស្អាតមានរបៀបរៀបរយ មានការការពារសន្តិសុខទាំងយប់ថ្ងៃ រៀបចំឲ្យមានបន្ទប់ទឹកជាដើម ពិសេសលោកមិនយកភាស៊ី លើបងប្អូនលក់បន្លែបង្ការ តាមកញ្ជើរល្អី មកលក់ម្តងម្កាលនោះទេ ពិសេសផ្តល់អាទិភាពសម្រាប់បងប្អូនជនពិការដែលមកលក់ដូរ។
លោកបន្តថា បើសិនបងប្អូនអាជីវករឯកភាពគ្នា ដូចដែរខាងលោកបានដាក់លក្ខខណ្ឌ ដំណើរសាងសងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ លោកបានបញ្ជាក់ថា បើសិនអាជីវករមិនមានការ មិនពេញចិត្តណាមួយ សូមលើកឡើង ដើម្បីលោកធ្វើការកែលម្អឡើងវិញ ម្យ៉ាងវិញទៀត បើសិនជាបុគ្គលិករបស់លោក ធ្វើអ្វីដែលអាជីវករមិនពេញចិត្ត លោកនិងដកបុគ្គលិកនោះចេញ ដោយគ្មានលក្ខខណ្ឌឡើយ។
គូរបញ្ជាក់ផងដែរថា កាលពីម៉ោង៤ទាប់ភ្លឺ ថ្ងៃទី០៥ ខែឧសភា កន្លងទៅ នៅផ្សារអូរអំបិល ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានរងការឆាប់ឆេះដោយអគ្គិភ័យទាំងស្រុង ដែលសរុបថវិកាអស់ប្រមាណ ជាង៥០ម៉ឺនដុល្លារអាមេរិក៕