(សៀមរាប)៖ ក្រុមអ្នកធ្វើការ និងធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ជាច្រើននាក់នៅក្នុងខេត្តសៀមរាប នៅក្នុងថ្ងៃទិវាកុមារអន្តរជាតិនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ បានរួមគ្នាបើកការប្រកួតបាល់ទាត់រៃអង្គាសថវិកាបានជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យាបាលដោយឥតគិតថ្លៃនៅក្នុងខេត្តសៀមរាប។
បើតាមលោក ឈាង ផល្លា តំណាងគណៈកម្មាការប្រកួតពានរង្វាន់មនុស្សធម៌នេះ បានឱ្យដឹងថា ការប្រកួតបាល់ទាត់ដើម្បីរៃអង្គាសថវិកាសម្រាប់សកម្មមនុស្សធម៌ត្រូវបានបង្កើតឡើងរយៈពេល៤ឆ្នាំហើយគិតត្រឹមឆ្នាំ២០១៩។ លោក ផល្លា បានឱ្យដឹងថា កម្មវិធីប្រកួតនេះបង្កើតឡើងដោយអ្នកបម្រើការងារ និងធ្វើអាជីវកម្មទេសចរណ៍ដែលស្រឡាញ់ការលេងបាល់ទាត់នៅក្នុងខេត្តសៀមរាប មិនមែនជាអ្នកលេងបាល់អាជីពនោះទេ។
លោក ឈាង ផល្លា បានថ្លែងបញ្ជាក់ទៀតថា ពីរឆ្នាំដំបូងការប្រកួតនេះ ធ្វើឡើងក្នុងទ្រង់ទ្រាយហើយប្រមូលថវិកាទៅជួយដល់សាលាខ្វះខាត និងនៅតាមតំបន់ដាច់ស្រយាល។ លុះដល់ពីរឆ្នាំចុងក្រោយ ក៏បានបង្វែមកជួយដល់មន្ទីរពេទ្យអង្គរវិញម្តង។
ការប្រកួតបាល់ទាត់ដើម្បីសកម្មភាពសប្បុរសធម៌នៅឆ្នាំនេះ មាន ១៤ក្រុមប្រកួតប្រជែង ដែលជាចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ។ ការប្រកួតនេះមានរយៈពេល១ខែ ហើយត្រូវបញ្ចប់នៅខែកក្កដា។
សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យសប្បុរសធម៌ផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩។ ក្នុងរយៈពេលប្រមាណ ២០ឆ្នាំនេះ មន្ទីរពេទ្យបានផ្តល់សេវាព្យាបាលកុមារជាង ២លានករណី។ ក្នុងមួយថ្ងៃមន្ទីរពេទ្យនេះព្យាបាលកុមារចន្លោះពី ៥០០ ទៅ៦០០នាក់ ហើយត្រូវចំណាយថវិកាប្រមាណ៦.៥លានដុល្លារអាមេរិក។
ថវិកាទាំងនេះជិត ៩០ភាគរយ ជាជំនួយរបស់សប្បុរសជនក្រៅប្រទេស ហើយជាង ១០ភាគរយទៀត បានពីសប្បុរសជនក្នុងប្រទេស និងរាជរដ្ឋាភិបាលផងដែរ៕