(ពោធិ៍សាត់)៖ លោក ប្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងឱកាសខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ដែលធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាវត្តហ្លួង ខេត្តពោធិ៍សាត់។
បន្ទាប់ពីលោកស្រីនាយិកា ញ៉េប សុន្ទរី បានជម្រាបជូនពីប្រវត្តិសាលាបឋមសិក្សាវត្តហ្លួង នោះរួចមក, លោក ឈឹម វាសនា ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានថ្លែងជំរាបជូន អំពីការជួយឧបត្ថម្ភគ្រាំទ្រ របស់សប្បុរសជនរួមមានថរិកាសរុប៥លានរៀល សៀវភៅ៣៨៥០ក្បាល ប៊ិច៣៨០០ដើម ខ្មៅដៃ៣៧៥០ដើម ជ័រលុប៣៧៥០ បន្ទាត់៣៧៥០ សារុង៥០ និងកនែ្សង៤៣។
លោក ម៉ៅ ធនិន បានអញ្ជើញអានសារលិខិតសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩។ ឆ្នាំនេះទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធកុមារ តាមរយៈការលប់បំបាត់អំពើហឹក្សា លើកកុមារគ្រប់រូបភាព» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ក្រោមប្រធានបទ «កុមារត្រូវសំរេចសុបិនរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ»។
លោកបានលើកឡើងទៀតថា ក្មួយៗត្រូវចាំនៅពាក្យពីម៉ាត់គឺ ឪពុក ម្តាយរបស់យើង ក្រុមគ្រួសាររបស់យើងប្រៀបដូចជាជើងពានមាស បើក្មួយៗចង់ក្លាយជាគ្រាប់ពេជ្រ ក្មួយៗត្រូវក្រេបជញ្ជក់ នូវពុទ្ធឱវាទ ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ដើម្បីក្លាយទៅជា សិស្សល្អ កូនល្អ មិត្តល្អ ជៀសឆ្ងាយពីគ្រឿងញៀន កុំដើរលេងប៉ោឡែសេពគប់មិត្តមិនល្អ បើសិនជាមិនគោរពនូវដំបូន្មានរបស់ឪពុកម្តាយនោះទេ ក្មួយៗក៏មិនអាចក្លាយ ជាគ្រប់ពេជ្របានដែរ កុំធ្វើគ្រាប់គ្រួសនៅលើជើងពានមាស ត្រូវធ្វើគ្រប់ពេជ្រនៅលើជើងពានមាស។
លោកលើកឡើងទៀតថា លោកគ្រូ អ្នកគ្រូ គឺជាពុម្ព ផលិតនូវមនុស្សថ្មី តើឆ្លាក់អ្វីខ្លះនៅក្នុងពុម្ពនោះ? ដើម្បីឱ្យមានភាពល្អប្រសើរ និងជាធនធានមនុស្សពិតប្រាកដ ក្នុងការផលិតមនុស្ស ត្រូវប្រើទេពកោសល្យ របស់យើងឱ្យមានសិកាជាតិ។ សូមឱ្យលោកគ្រូ អ្នកគ្រូ បណ្តុះនូវវប្បធម៌ពីរ គឺវប្បធម៌ជាតិនិយម និង វប្បធម៌ កតញ្ញូ។
លោក ប្លោក ផន បានថ្លែងថា បច្ចុប្បន្ននេះយើងកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែយើងនៅចងចាំមិនភ្លេចរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែល ធ្ងន់ជាងរបប ហ្វាស៊ីសអ៊ីធ្លែទៅទៀត សម្លាប់ជាតិសាសន៍ឯង បំផ្លាញ ខ្ទេចខ្ទីរខឿនសេដ្ឋកិច្ចជាតិ សាលារៀន វត្តអារាម ពុទ្ធបរិមាករ។ លោកសូមផ្តាំផ្ញើដល់ក្មួយៗ ខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យក្លាយជាធនធានមនុស្ស ដែលមិនអាចខ្លះបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងគោរពច្បាប់ចរាចរទាំងអស់គ្នា។
ក្នុងឱកាសនេះ លោក ប្លោក ផន និងលោក ម៉ៅ ធនិន ក៏បានចែកជូនលោកគ្រូ អ្នកគ្រូ ម្នាក់ៗ នូវកន្សែងពោះគោ១ និងថរិការ២ម៉ឺនរៀល លោកតា លោកយាយ ក្នុងម្នាក់ៗ សារុង១ ថរិកា ១ម៉ឺនរៀល ព្រមទាំងសិស្សានុសិស្ស ម្នាក់ៗសៀវភៅ ៥ក្បាល ប៊ិច៥ដើម ខ្មៅដៃ៥ដើម ជ័រ៥ បន្ទាត់៥។ ជាមួយគ្នានោះលោក បានឧបត្ថម្ភថរិកា៨០០ដុល្លារ សម្រាប់ធ្វើផ្ទះបាយ ផ្តល់ជូនថ្មមិចចំនួន៥ឡាន និងកង្ហារចំនួន៣០ សម្រាប់ប្រើប្រាស់ ក្នុងសាលានោះផងដែរ៕