(រតនគិរី)៖ ជនជាតិវៀតណាមចំនួន១២នាក់ ដែលពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ និងនាំគ្រឿងចក្រធុនធ្ងន់ចំនួន៦គ្រឿង សម្រាប់ឈូសឆាយដីព្រៃខុសច្បាប់ នៅក្រុមហ៊ុននុភាពសុភី តំបន់អូរតាយ៉ាក ស្ថិតក្នុងឧទ្យានជាតិវិរៈជ័យ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដែលតុលាការខេត្តសម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នោះ ត្រូវបានដោះលែងឲ្យត្រឡប់ទៅមាតុរបស់ខ្លួនវិញហើយ។
មន្រ្តីពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី បានឲ្យដឹងថា ជនជាតិវៀតណាមទាំង១២នាក់ ត្រូវបានដោះលែង នៅវេលាម៉ោង១៧៖៣០ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីខាងពន្ធនាគារ ទទួលបានដីការបង្គាប់ឲ្យដោះលែង។
យោងតាមដីការបង្គាប់ឲ្យដោះលែងលេខ ៥១៧ រហូតដល់លេខ ៥២៨ ចុះហត្ថលេខាដោយ លោក ឡេង វណ្ណារិទ្ធិ ចៅក្រមស៊ើបសួរ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទឆ្លងដែនដោយគ្មានលិខិតអនុញ្ញាត និងបទឈូសឆាយដីព្រៃដើម្បីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន នុភាពសុភី ស្ថិតនៅក្នុងតំបន់ព្រំដែនភូមិសាស្ត្រឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។ បទល្មើសដែលមានចែង ឲ្យផ្ដន្ទាទោសតាមមាត្រា២៩ នៃច្បាប់ស្ដីពីអន្តោប្រវេសន៍ និងមាត្រា៥៦ កថាខណ្ឌទី៤ មាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
តាមការឲ្យដឹងពីនគរបាលជំនាញអន្តោប្រវេសន៍ នៃស្នងការរដ្ឋានខេត្តរតនគិរីថា ការដោះលែងជនជាតិវៀតណាមទាំង១២នាក់ ខាងលើនេះ ខាងជំនាញមិនបានដឹងទេ ពីព្រោះផុតពីដៃជំនាញ ដល់ដៃតុលាការហើយ ក៏ប៉ុន្តែបើតាមច្បាប់ ទោះជាតុលាការដោះលែងក៏ដោយ ក៏ត្រូវប្រគល់ឲ្យជំនាញអន្តោប្រវេសន៍ ដើម្បីនាំខ្លួនជនអន្តោប្រវេសន៍ទាំងនោះ ទៅប្រគល់ឲ្យសមត្ថកិច្ចប្រទេសវៀតណាមវិញដែរ ចៀសវាងជនជាតិវៀតណាមទាំងនោះ ជួបឧបត្ដហេតុផ្សេងៗ ឬ ក៏ត្រូវបាត់ខ្លួនដោយប្រការណាមួយ។
សមត្ថកិច្ចប្រចាំការនៅព្រំដែនអូរយ៉ាដាវ លួចបង្ហើបប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ថា ជនជាតិវៀតណាមទាំង១២នាក់នោះ បន្ទាប់ពីចេញពន្ធនាគារភ្នំស្វាយ គឺពួកគេចាកចេញទៅប្រទេសវៀតណាមទាំងយប់ តាមច្រករបៀងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ដោយគ្មានសមត្ថកិច្ចណាជាអ្នកប្រគល់ ឲ្យភាគីខាងវៀតណាមទេ៕