(ភ្នំពេញ)៖ ដើម្បីអបអរដល់ទិវាកុមារអន្តជាតិ ១ មិថុនា ឆ្នាំ២០១៩ រោងភាពយន្ត Major Cineplex by Smart សហការជាមួយក្រុមហ៊ុន Westec Media Limited បានអញ្ជើញកុមារៗ មកពីអង្គការស្នាមញញឹមនៃកុមារ ឬហៅកាត់ថា PSE ប្រមាណជាង៣០០ នាក់ មកទស្សនារឿង «Boonie Bears: Blast into the Past» ឬ Boonie Bears ដំណើរឆ្លងសម័យកាល នាថ្ងៃទីទី១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ នៅរោងភាពយន្ត Major Cineplex by Smart ផ្សារទំនើបអ៊ីអន សែនសុខស៊ីតធី។
រឿង «Boonie Bears ដំណើរឆ្លងសម័យកាល» គឺជាខ្សែភាពយន្តតុក្កតា ដែលបែបកំប្លែងដែលនិយាយអំពីដំណើរ ផ្សងព្រេងរបស់សម្លាញ់៣នាក់ ដែលមានបងប្អូនខ្លាខ្មុំ ២ក្បាល និងមនុស្សម្នាក់ ដែលពួកគេទាំងបីត្រូវបានធ្វើដំណើរឆ្លងពេលវេលាទៅកាន់យុគសម័យកាល។ អ្វីដែលពិសេសនោះ គឺការចាក់បញ្ចាំងនៅថ្ងៃនេះ មានការបញ្ចូលសម្លេងជាភាសាខ្មែរ ដែលនឹងធ្វើឲ្យក្មេងៗមានការយល់ដឹងពីសាច់រឿងច្បាស់ជាងមុន។
បើតាមប្រធានគ្រប់គ្រងទូទៅនៃរោងភាពយន្ត Major Cineplex by Smart អ្នកស្រី Karen Castaneda បានបង្ហាញពី ចំណាប់អារម្មណ៍របស់ខ្លួនថា «យើងគោរព និងប្រារព្វសិទ្ធិរបស់កុមារៗជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ ថ្ងៃនេះជាថ្ងៃដ៏ពិសេសក៏ព្រោះ មនុស្សទូទាំងសកលលោកអបអរទិវាមួយនេះ»។
អ្នកស្រីបន្តថា យើងចង់ឲ្យកុមារៗ ទទួលបាន នូវបទពិសោធន៍ដ៏អស្ចារ្យនាថ្ងៃនេះ។ ជាពិសេសកុមារៗដែលមកពីគ្រួសារដែលមានជីវភាពលំបាក។
កម្មវិធីមួយនេះ ក៏បានសហការពីអង្គការស្នាមញញឹមនៃកុមារ ឬហៅកាត់ថា PSE ដែលអង្គការនេះ បានផ្តល់ជាជំរកក៏ដូចជា ការអប់រំទៅដល់កុមារជាច្រើន ដែលពួកគាត់ពុំមានលទ្ធភាពដើម្បីទទួលបានការអប់រំដូចក្មេងដទៃទៀត។
កម្មវិធីសប្បុរសធម៌ថ្ងៃនេះ អាចដំណើរទៅបានដោយសារមានការសហការពីក្រុមហ៊ុន Cambodia Beverage Company Ltd (The Coca-Cola Company) ដែលបានផ្តល់នូវភេសជ្ជៈ Fuze Tea និងហាងនំប៉័ង Tous Les Jours ដែលបានផ្តល់នូវនំដូណាត់ដ៏ឆ្ងាញ់។ ជាមួយគ្នានេះ ក្រុមហ៊ុន Westec Media Limited ក៏បានផ្តល់នូវសិទ្ធិ ក្នុងការចាក់បញ្ចាំងភាពយន្តផងដែរ។
គួររំលឹកផងដែរថា នេះជាលើកទី៥ហើយ ដែលរោងភាពយន្ត Major Cineplex by Smart បានធ្វើការចាក់បញ្ចាំង សប្បុរសធម៌ជូនដល់កុមារៗ។ រោងភាពយន្ត Major Cineplex by Smart ជារោងភាពយន្តលំដាប់អន្តរជាតិ ឈានមុខគេមួយនេះ តែងតែផ្តោតលើការងារជួយសង្គម។
អ្នកស្រី Karen Castaneda បានបង្ហើបឲ្យដឹងថា រោងភាពយន្ត Major Cinepelx by Smart មានគោលដៅ និងផែនការច្បាស់លាស់ទាក់ទងនឹងការងារសង្គម។ ជាក់ស្តែង Major Cineplex by Smart តែងតែមានថវិការមួយកញ្ចប់ សម្រាប់ចូលរួមទ្រទ្រង់ និងលើកកម្ពស់វិស័យអប់រំ និងវិស័យសុខាភិបាល ទៅតាមគម្រោង និងលទ្ធភាពដែលអាចធ្វើទៅបាន។ យ៉ាងណាមិញការចាក់បញ្ចាំងខ្សែ ភាពយន្តនេះ ក្នុងគោលបំណងផ្តល់ឱកាសឲ្យកុមារៗ បានស្គាល់ពីបច្ចេកវិទ្យា និងបទពិសោធន៍ទស្សនាខ្សែភាពយន្តក្នុងរោងភាពយន្តទំនើប និងដោយឥតគិតថ្លៃ៕