(មណ្ឌលគីរី)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងសហការី នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យមើល ការដាំដុះបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មសាមគ្គីមនោរម្យ ដែលមានសមាជិកដាំដុំបន្លែសុវត្ថិភាព សម្រាប់ផ្គតផ្គង់ទីផ្សារ នៅភ្នំពេញ ចំនួន២១គ្រួសារ លើផ្ទៃដីដាំដុះ១០ហិកតា នៅភូមិចំការតែ ឃុំស្ពាន់មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

តាមការឲ្យដឹងត្រួសៗ ពីលោកប្រធានសហគមន៍ បានឲ្យដឹងថា បន្លែសុវត្ថិភាពរបស់សហគមន៍ លោកបានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែឲ្យទៅក្រុមហ៊ុនទទួលទិញបន្លែចំនួន៣ នៅទីក្រុងភ្នំពេញ ដោយក្នុងនោះ មានបន្លែស្ពៃក្តោប ការ៉ុត ស្ពៃបូកគោជាដើម។ ដោយឡែកសហគមន៍របស់លោក កំពុងជួបនូវបញ្ហាប្រឈមមួយចំនួនមាន៖

* កង្វះថវិកាដើម្បីធ្វើការពង្រីកការដាំដុះបន្ថែម ដើម្បីបំពេញតំរូវការទីផ្សារ
* ផ្ទៃដីដាំដុះមានតិចដោយក្នុងនោះ ដីមួយចំនួនសហគមន៍កំពុងជួលពីគេ ដូចនេះត្រូវប្រឈមការដកហូតយកវិញពីម្ចាស់ដីគ្រប់ពេលវេលា
* បញ្ហានៃការប្រគួតប្រជែង លើតំលៃជាមួយតំលៃបន្លែដែលនាំចូលពីវៀតណាម ពីព្រោះបន្លែវៀតណាមមានតំលៃថោកជាងបន្លែខ្មែរ។ ដូចនេះធ្វើឲ្យឈ្មួញមួយចំនួនងាក ទៅទិញបន្លែដែលនាំចូលពីវៀតណាមវិញ។
ទន្ទឹមនេះបន្លែ ដែលនាំចូលពីវៀតណាម ត្រូវបានឈ្មួយបន្លំថា ជាបន្លែដាំដុះ នៅខេត្តមណ្ឌលគីរីទៅវិញ។

ដូចនេះតំណាងសហគមន៍ បានស្នើសុំទៅលោក កៅ ថាច ជួយអន្តរាគមន៍ក្នុងការជួយរកទីតាំងដីដាំដុះបន្លែថ្មី និងស្នើសុំទំលាក់ឥណទាន ដោយអត្រាការប្រាក់ទាប ដើម្បីសហគមន៍មានលទ្ធភាពពង្រីកការដាំដុះបន្លែ និងស្នើសុំឲ្យជួយធ្វើតភ្ជាប់ពីសហគមន៍បន្លែរបស់លោកទៅកាន់ទីផ្សារ។

ឆ្លើយតបនឹងសំណើសុំនេះ លោក កៅ ថាច បានជម្រាបបងប្អូនសហគមន៍ថា ចំពោះទីតាំងដីសម្រាប់ដាំដុះបន្លែ លោកបានណែនាំឲ្យសហគមន៍ធ្វើការពិចារណា និងចរចារជាមួយម្ចាស់ដី លើទីតាំងដីថ្មីមួយកន្លែង ដែលលោកបានរៀបចំជូន។

ចំពោះបញ្ហាកំចីឥណទាន ដោយអត្រាការប្រាក់ទាប លោកបានធ្វើការពន្យល់នូវគោលការណ៍ និងលក្ខខ័ណ្ឌអនុគ្រោះមួយចំនួន ដើម្បីឲ្យសហគមន៍ធ្វើការពិចារណា ហើយធនាគារអភិវឌ្ឍន៍ជនបទ នឹងពិនិត្យលទ្ធភាពផ្តល់ជូនសហគមន៍ ក្នុងករណីសហគមន៍បានបំពេញ បានតាមលក្ខខ័ណ្ឌនោះបាន។

ដោយឡែកបញ្ហាទីផ្សារ លោកនឹងជួយតភ្ជាប់ជូនបងប្អូនសហគមន៍ ទៅកាន់ក្រុមហ៊ុនទទួលទិញបន្លែមួយចំនួននៅភ្នំពេញ ដែលជាដៃគូរបស់ធនាគារអភិវឌ្ឍន៍ជនបទ៕