(ប៉េកាំង)៖ បើតាមសេចក្តីថ្លែងការណ៍របស់ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន រដ្ឋាភិបាលទីក្រុងប៉េកាំង នាថ្ងៃសៅរ៍នេះ បានចាប់ផ្តើមអនុវត្តន៍ចំណាត់ការដំឡើងពន្ធបន្ថែម ទៅលើផលិតផលមួយចំនួនដែលនាំចូលពីសហរដ្ឋអាមេរិក។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ប្រាប់ថា ក្នុងចំណោមមុខទំនិញទាំងនោះរបស់អាមេរិក ដែលគិតជាទំហំទឹកប្រាក់ស្មើនឹង ៦០ពាន់លានដុល្លារ មានខ្លះត្រូវបានបង្កើនអត្រានៃការយកពន្ធដល់២៥ភាគរយ ខ្លះដល់២០ភាគរយ និងខ្លះទៀតដល់១០ភាគរយ ប៉ុន្តែពុំមានការបញ្ជាក់ជាទំនិញប្រភេទអ្វីខ្លះនៅឡើយទេ។
គួរជម្រាបថា ទីក្រុងប៉េកាំងបានសម្រេចធ្វើបែបនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធលើទំនិញរបស់ចិនទំហំប្រមាណ ២០០ពាន់លានដុល្លារ ពីអត្រា១០ភាគរយទៅដល់២៥ភាគរយ កាលពីថ្ងៃទី១០ ខែឧសភា ក្រោយពីកិច្ចចរចាសង្រ្គាមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានជាប់គាំង៕