(ភ្នំពេញ)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិននឹងខិតខំអស់លទ្ធភាពក្នុងការលើកទឹកចិត្ត ក្រុមហ៊ុនចិន ឲ្យមកបណ្តាក់ទុនវិនិយោគកាន់ តែច្រើនថែមទៀតនៅកម្ពុជា និងពង្រីកច្រកទីផ្សារចិនសម្រាប់ផលិតផលកម្ពុជា ហើយទន្ទឹមគ្នានេះជួយគាំទ្រដល់កំណែទំរង់ ដែលកំពុងអនុវត្តនៅកម្ពុជា សំដៅធ្វើពិពិធកម្មឧស្សាហកម្ម និងលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ច។
ការលើកឡើងរបស់លោក វ៉ាង យី បែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី នៅទីក្រុងប៉េកាំង ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងគ្របដណ្តប់ទៅលើវិស័យជាច្រើន។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនង និងទំនុកចិត្តផ្នែកនយោបាយរវាងកម្ពុជា និងចិនដែលបច្ចុប្បន្នល្អប្រសើរជាង ពេលណាៗទាំងអស់ គឺដោយសារតែមានការផ្លាស់ប្តូរទស្សនកិច្ចកំរិតខ្ពស់ជាញឹកញាប់ ដូច្នេះគួរតែបន្តរក្សាការអនុវត្តនេះ។
រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពធ្វើការរួមគ្នាជិតស្និទ្ធ ដើម្បីធានាការអនុវត្តឲ្យបានជោគជ័យនូវផែនការសកម្មភាពកសាងសហគមន៍ មានអនាគតរួមគ្នាកម្ពុជា-ចិន ឆ្នាំ២០១៩-២០២៣ ដែលបានចុះហត្ថលេខាកាលពីខែមេសាឆ្នាំនេះ ក្នុងគោលបំណងនាំមកនូវកិច្ចសហប្រតិបត្តិការសន្តិសុខ-នយោបាយកាន់តែស្អិតរមួត ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងជម្រុញកំណើនការផ្លាស់ប្តូរទេសចរណ៍ និងវប្បធម៌។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក វ៉ាង យី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីលើកកម្ពស់ការតភ្ជាប់ និងបានតាំងចិត្តខិតខំធ្វើឲ្យគម្រោងខែ្សក្រវ៉ាត់ និងផ្លូវនៅកម្ពុជា ក្លាយជាគំរូនៃជោគជ័យ។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថ្លែងអំណរគុណចំពោះលោក វ៉ាង យី ដែលបានបញ្ជាក់ជាថ្មីថា ចិននឹងខិតខំអស់លទ្ធភាពក្នុងការលើកទឹកចិត្តក្រុមហ៊ុនចិនឲ្យមកបណ្តាក់ទុនវិនិយោគកាន់ តែច្រើនថែមទៀតនៅកម្ពុជា និងពង្រីកច្រកទីផ្សារចិនសម្រាប់ ផលិតផលកម្ពុជា ហើយទន្ទឹមគ្នានេះជួយគាំទ្រដល់កំណែទំរង់ដែលកំពុងអនុវត្តនៅកម្ពុជា សំដៅធ្វើពិពិធកម្មឧស្សាហកម្ម និងលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងផ្នែកធុរកិច្ច។
សូមជំរាបថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែឧសភា-០១ ខែមិថុនា ឆ្នាំ២០១៩៕