(ភ្នំពេញ)៖ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានអញ្ជើញបើកកិច្ចប្រជុំលើកទី២ ត្រីមាសទី១ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ ក្នុងគោលបំណងបូកសរុបការងាររបស់ក្រុមមេធាវី ដែលបានអនុវត្តន៏អស់រយៈពេល១ត្រីមាសកន្លងមក។
កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំ ក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន និងសមាជិកទាំងអស់ចំនួន៦៣រូប ដែលទទួលបន្ទុកបេសកកម្មរៀងៗខ្លួន ទូទាំង២៥ រាជធានី-ខេត្ត។
នៅក្នុងកិច្ចប្រជុំលើកទី២នេះ ត្រូវបានអនុញ្ញាតិឱ្យសមាជិកអង្គប្រជុំគ្រប់រូប អាចលើកឡើង អំពីបញ្ហាប្រឈមនានា ក្នុងដំណើរប្រតិបត្តិការរបស់ខ្លួន ដើម្បីយកមកពិភាក្សា ពិគ្រោះយោបល់ ព្រមទាំងស្វែងរកគន្លឹះដោះស្រាយលើឧបសគ្គ ដែលបានជួបប្រទះក្នុងការអនុវត្ត។
គោលបំណងចំបងដែលសម្តេចតេជោសែន បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះឡើង គឺសម្តេចបានគិតគូយ៉ាងល្អិតល្អន់ ក្នុងគោលដៅជួយដល់ស្ត្រីដែលមានជីវភាពក្រីក្រ ជាពិសេសដែលត្រូវបានបាត់បង់សិទ្ធិ ពុំមានការការពារតាមផ្លូវច្បាប់ ក្នុងនោះចំពោះទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងជនត្រូវចោទ ដែលបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ក៏ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់។
អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្ត ព្រមទាំងកំណត់គោលការច្បាស់លាស់ លើការទទួលរឿងក្តីសម្រាប់តែស្ត្រីក្រីក្រប៉ុណ្ណោះ។
ខាងក្រោមជាលេខទូរស័ព្ទផ្លូវការ និងលេខទូរស័ព្ទក្រុមការងារទទួលបន្ទុក (HOTLINE) របស់ «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន»
- 098 262 567
- 077 262 567
- 066 262 567