(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក និងនាំយកថវិកាចូលបុណ្យ គ្រួសារសព កុមារី ផា ស្រីលក្ខ័ អាយុ១០ឆ្នាំ ដែលត្រូវបានជនល្មើសចាប់រំលោភ និងប្រើហិង្សាធ្ងន់ធ្ងរលើកុមារា ផា សុខលី អាយុ២ឆ្នាំកន្លះ បណ្តាលឲ្យបាត់បង់ជីវិត នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រៅពីការលើកទឹកចិត្តឡើងវិញ ដល់គ្រួសារក្មេងរងគ្រោះនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា នៅពេលនេះសមត្ថកិច្ចពាក់ព័ន្ធ កំពុងសហការជាមួយស្នងការដ្ឋានខេត្ត និងនាយកដ្ឋានជំនាញ ដើម្បីតាមរកឃាតកមកផ្តន្ទាទោសឲ្យបានតឹងរឹងបំផុត តាមច្បាប់ឲ្យទាល់តែបាន ដើម្បីផ្ដល់ភាពយុត្តិធម៌ជូនអ្នករងគ្រោះ។
សូមជម្រាបថា ឃាតកម្មនេះជាករណីរំលោភសម្លាប់ កើតឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បង្កឡើងដោយជនល្មើសម្នាក់ ដែលគេបានសង្ស័យថា ជនល្មើសអាចធ្វើសកម្មភាពចាប់រំលោភកុមារី អាយុជិត១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុជាង២ឆ្នាំ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្មេងបុរសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ដោយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ។
អ្វីដែលធ្វើឲ្យគេសង្វេគជាខ្លាំងនោះ គឺបុរសជាឪពុកពេលបានមកឃើញហេតុការណ៍នេះភ្លាម បានកើតក្តីរន្ធត់ស្រែកយំស្តាយស្រណោះកូនជាពន់ពេក។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមរាជធានី-ខេត្ត រួមសហការគ្នា ដើម្បីតាមចាប់ជនដៃដល់ ដែលបានសម្លាប់ក្មេងតូច ២នាក់បងប្អូននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ៕