(កំពង់ចាម)៖ ការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ខេត្តកំពង់ចាម បានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជន ចំនួនជាង៦០ម៉ឺនដុល្លារអាមេរិក ដែលថវិកានេះត្រៀមបង្ការ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ដោយគ្រោះមហន្តរាយនានា នៅតាមសហគមន៍ ក្នុងខេត្តកំពង់ចាម។
ពិធីនេះធ្វើឡើងក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់កាកបាទក្រហមកម្ពុជា» ដែលធ្វើនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តកំពង់ចាម និងលោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានគូសបញ្ជាក់ថា ឆ្នាំ២០១៩នេះ ជាឆ្នាំដែលសាខាកាកបាទក្រហមខេត្ត បានខិតខំ និងកំពុងអនុវត្ដបន្ដយុទ្ធសាស្ដ្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលមានទស្សនៈវិស័យ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌ របស់ជនងាយរងគ្រោះ។
ក្រៅពីនោះសាខាកាកបាទក្រហមខេត្ត បានបំពេញបេសកកម្ម ក្នុងវិស័យមនុស្សធម៌ ក្នុងការប្រមូលផ្ដុំកម្លាំងសាមគ្គីគ្រប់ទិសទី និងខិតខំបន្ដសម្រេចឲ្យបាន នូវទិសដៅយុទ្ធសាស្ដ្រទាំង៤គឺ ទី១៖រួមចំណែកសង្គ្រោះជីវិត កសាងភាពធនរឹងមាំទៅនឹងគ្រោះមហន្ដរាយ និងវិបត្ដិផ្សេងៗ, ទី២៖រួមចំណែក កាត់បន្ថយអត្រាស្លាប់ នៃមាតា កុមារ និងទារក ការពារជំងឺឆ្លងក្នុងគ្រាអាសន្ន, ទី៣៖លើកកម្ពស់ គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា និងទី៤៖បន្ដពង្រឹង ការរក្សាកិត្ដិនាម កាកបាទក្រហមកម្ពុជា ខេត្ដកំពង់ចាម ជាសាខាដែលមានដំណើការល្អ ក្នុងវិស័យមនុស្សធម៌ ក្នុងការបំពេញបេសកកម្ម ជួយដល់អ្នករងគ្រោះ និងងាយរងគ្រោះ។
ដោយឡែកអំពីសកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ដកំពង់ចាម ក្នុងឆ្នាំ២០១៨កន្លងទៅ និងដើមឆ្នាំ២០១៩ ក្នុងនាមតំណាងឲ្យគណៈកិត្ដិយស សាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដកំពង់ចាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលបានចូលរួមវិភាគទាន ជួយឧបត្ថម្ភគាំទ្រដោយទឹកចិត្តសប្បុរសដល់សាខាកាបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលបង្កើតបានជាស្មារតី កម្លាំងសាមគ្គី ទូលំទូលាយ រឹងមាំ និងមនុស្សធម៌ ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
ម្យ៉ាងទៀត សាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម នឹងចាត់ចែងអំណោយទាំងអស់នេះ ដោយស្មារតីទទួលខុសត្រូវ គណនេយ្យភាព តម្លាភាព ដល់ដៃជនរងគ្រោះ និងងាយរងគ្រោះ ក្នុងឧបទ្ទវហេតុផ្សេងៗ។
លោក ហ៊ុន ណេង ក៏បានអានសេចក្ដីថ្លែងការណ៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយកំណត់ថា កាកបាទក្រហមកម្ពុជា ត្រូវការជាចាំបាច់នូវសមត្ថភាពរឹងមាំរបស់សាខាទាំង២៥រាជធានី/ខេត្ត ជាកម្លាំងឈានមុខរបស់អ្នកកណ្ដាល ក្នុងការផ្ដល់សេវា មនុស្សធម៌ ជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋងាយរងគ្រោះ ផ្ដល់ក្ដីសង្ឃឹម និងក្ដីស្រឡាញ់ដល់អ្នកដែលត្រូវការឲ្យជួយ។
លោកក៏សូមអំពាវនាវទៅដល់គណៈកិត្តិយសសាខាអនុសាខា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន សូមមេត្តាបន្តជួយឧបត្ថម្ភគាំទ្រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដើម្បីឲ្យសាខាអាចបន្តពង្រឹងបានភាពម្ចាស់ការ ជាពិសេសខាងផ្នែកធនធានហិរញ្ញវត្ថុអាចបំពេញបាន យ៉ាងសាកសមនូវតួនាទី ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ លើវិស័យមនុស្សធម៌ នៅក្នុងរដ្ឋបាលដែនដីខេត្តកំពង់ចាម ដើម្បីជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះបំផុតបានភ្លាមៗ ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ របស់សមាគមជាតិ៕