(សឹង្ហបុរី)៖ ក្នុងឱកាសអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៨ នៅប្រទេសសឹង្ហបូរី នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈប្រតិភូ ក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមតំណើរដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ព និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានជួបពិភាក្សាការងារក្នុងពិធីទទួលទានអាហារពេលព្រឹកជាមួយ នាយឧត្តមសេនីយ៍ វ័យ ហ្វ៊ុងហ័រ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នៅក្នុងសណ្ឋាគារសាំងគ្រីឡាប្រទេសសឹង្ហបុរី។
ក្នុងជំនួបសន្ទនានាពេលនោះ រដ្ឋមន្ត្រីការពារជាតិទាំងពីរ កម្ពុជា និងចិន បានរំលឹកឡើងវិញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលផ្តើមចេញពីទំនាក់ទំនងដ៏ល្អរវាងប្រមុខរដ្ឋ និងរដ្ឋាភិបាល ប្រទេសទាំងពីរ បានជំរុញឲ្យទំនាក់ទំនងកងទ័ពទាំងពីរកាន់តែជិតស្និត និងមានការរីកចម្រើន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការធ្វើសមយុទ្ធនាគមាសរវាងកង័ពទាំងពីរ កម្ពុជា ចិន នាកន្លងមក បានដំណើរការទៅមុខយ៉ាងល្អ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិចិន ដែលបានជួយឧបត្ថម្ភសម្ភារសម្រាប់ការសាងសង់វិមានឈ្នះឈ្នះ ជួយដល់កងរាជអាវុធហត្ថ និងបណ្តាអង្គភាពផ្សេងៗទៀតក្នុងកងយោធពលខេមរភូមិន្ទ។ សម្តេច ទៀ បាញ់ បានបញ្ចាក់ថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៨នេះ មានសារសំខាន់ដែលកិច្ចប្រជុំនេះ បានលើកយកនូវបញ្ហាស្មុកស្មាញ ដែលបានកើតមានឡើងក្នុងកម្រិតតំបន់ និងកម្រិតពិភពលោកមកធ្វើការពិភាក្សា។
ព្រមពេលជាមួយគ្នានេះ លោក វ័យ ហ្វ៊ុងហ័រ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ និងបានគាំទ្រគ្នាទៅវិញទៅមក។ ទាក់ទងទៅនឹងសភាពការណ៍អន្តរជាតិ ដែលកំពង់តែមានការវិវត្តន៍ ទៅមុខនោះ រដ្ឋមន្ត្រីការពារជាតិចិនបានបញ្ជាក់ថា ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវដំណើរវិវត្តន៍ទំនាក់ទំនងរវាង ចិន និងសហរដ្ឋអាមេរិក ហើយប្រទេសចិនចង់ឲ្យមានកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រទេសទាំងពីរ៕