(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ចំនួន៨ចំណុចសំខាន់ៗ ដើម្បីរួមចំណែកគាំទ្រខួបលើកទី៧០ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩។
នេះបើតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ២ មិថុនា និងទិវាកុមារជាតិ ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងស្មារតីនេះ ដើម្បីរួមចំណែកគាំទ្រខួបលើកទី៧០ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដូចតទៅ៖
១៖ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារត្រូវបន្តដឹកនាំចាត់ចែងអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការការពារកុមារជាមួយក្រសួង ស្ថាប័នដៃគូអភិវឌ្ឍសង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព កសាងនូវលិខិតបទដ្ឋានគតិយុត្តបន្ថែមដោយត្រូវគិតគូររៀបចំច្បាប់ស្តីពីកិច្ចការពារកុមារ ដើម្បីឲ្យប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
២៖ ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់អំពើហិង្សាលើកុមារគ្រប់រូបភាពឲ្យបានសមស្រប និងទាន់ពេលវេលា។
៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ជាមួយកុមារ រាល់ពេលកសាងច្បាប់ គោលនយោបាយ ឯកសារបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្មណ៍របស់ពួកគេ ជាពិសេសលើកកម្ពស់ការអនុវត្តសិទ្ធិចូលរួមរបស់កុមារឲ្យមានភាពទូលំទូលាយ។
៤៖ បន្តលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ ពង្រឹងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ រួមចំណែកក្នុងការកាត់បន្ថយនិងឈានទៅលុបបំបាត់អំពើហិង្សាគ្រប់រូបភាពលើកុមារ ដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងផែនការសកម្មភាពរបស់អាស៊ាន ស្តីពីអំពើហិង្សាលើកុមារ។
៥៖ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូប ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារ ពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទ តាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឲ្យកុមារអាចយល់ដឹង ពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យ ដែលជាអ្នកថែទាំពួកគេ អំពីការរំលោភបំពានដល់ពួកគេតាមគ្រប់រូបភាព។
៦៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូល នៃអង្គការអន្តរជាតិ ខាងការងារដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ លើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារណជនក្នុងការស្វែងរកដំណោះស្រាយសមស្របដើម្បីជួយសង្គ្រោះ ពលកម្ម កុមារ។
៧៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាព ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឲ្យកុមារក្លាយជាជនរងគ្រោះ។
៨៖ បង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ក្នុងការបង្ការទប់ស្កាត់អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបឲ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សាលើកុមារគ្រប់រូបភាព និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា។
សូមជម្រាបថា ឆ្នាំនេះ ទិវាកុមារកម្ពុជា និងទិវាកុមារអន្តរជាតិ ១ មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិកុមារ តាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព» និងទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២ មិថុនា ក្រោមប្រធានបទ «កុមារត្រូវសម្រេចសុបិន្តរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ» ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេស ការលើកកម្ពស់សិទ្ធិកុមារតាមរយៈការលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព ជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពព្រមទាំងរស់នៅយ៉ាងសុខដុមរមនាជាមួយគ្រួសារនៅក្នុងសង្គមដែលពោរពេញទៅដោយសុខសន្តិភាព៕