(ភ្នំពេញ)៖ ពិធីការិនីដ៏ស្រស់ស្អាតរបស់ទូរទស្សន៍បាយ័ន កញ្ញា សាឌី ត្រូវបានជ្រើសរើសជាតារានាំសំណាងជូនដល់អ្នកពិសាភេសជ្ជៈប៉ូវកម្លាំង វើក។
លោក ម៉ៃឃើល សុវណ្ណ ប្រធានផ្នែកគ្រប់គ្រងការប្រគល់រង្វាន់ វើក ឲ្យដឹងថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រេចជ្រើសរើសកញ្ញា សាឌី ដោយសារពិធីការិនីរូបនេះមានទេពកោសល្យវោហារខ្ពស់។ ម្យ៉ាងកញ្ញាគឺជាអ្នកនិយមញ៉ាំភេសជ្ជៈប៉ូវកម្លាំង វើក។
លោក ម៉ៃឃើល បន្ថែមថា កញ្ញា សាឌី ក្នុងសម្លៀកបំពាក់បំពាក់សាមញ្ញពណ៌ខៀវក្រហមរបស់ភេសជ្ជៈប៉ូវកម្លាំង វើក តែងធ្វើដំណើរទៅគ្រប់ទិសទី ដើម្បីនាំយករង្វាន់៤០លានរៀលទៅប្រគល់ជូនអតិថិជន ដែលបានឈ្នះពីក្រវិលកំប៉ុង វើក ដល់គេហដ្ឋាន។
កញ្ញា សាឌី ថ្លែងថា «នាងខ្ញុំពិតជាសប្បាយចិត្ត ដែលបានក្លាយជាផ្នែកមួយនៃការផ្លាស់ប្ដូរជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការនាំយកសំណាងទៅប្រគល់ជូនអតិថិជនដែលបានឈ្នះពីក្រវិលកំប៉ុង វើក។ នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនផងដែរ ដែលបានជ្រើសរើសនាងខ្ញុំធ្វើជាតារានាំសំណាងនេះ»។
កញ្ញា សាឌី ប្ដេជ្ញាចិត្តធ្វើឲ្យការងារនាំសំណាងប្រគល់ជូនអតិថិជនដំណើរបានល្អ ខណៈការងារជាពិធីការនីទូរទស្សន៍របស់នាងគឺនៅបន្តដូចប្រក្រតី៕