(ភ្នំពេញ)៖ កម្មវិធីឧត្ថម្ភប្រាក់ប្រមាណ ៧៦ម៉ឺនរៀលដល់ស្រ្តីមកពីគ្រួសារក្រីក្រចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុក្រោមពីរឆ្នាំចាប់ផ្តើមអនុវត្តន៍ជាផ្លូវការហើយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ។ ក្នុងដំណាក់កាលដំបូងនេះ មានស្ត្រីកំពុងមានផ្ទៃពោះ និងស្រ្តីសម្រាលកូនហើយមកពីគ្រួសារក្រីក្រសរុបប្រមាណ ៥ម៉ឺននាក់ នឹងត្រូវទទួលបានការឧបត្ថម្ភជាប្រវត្តិសាស្ត្រ។
ស្រ្តីមកពីគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាពកន្លងទៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូននូវសេវាពិនិត្យផ្ទៃពោះ សម្រាល ក៏ដូចជាសម្រាកនៅមន្ទីរពេទ្យដោយមិនគិតប្រាក់នោះឡើយ។ ការសម្រេចដាក់ចេញនូវគោលនយោបាយផ្តល់សាច់ប្រាក់ ដែលជាការគាំពារសង្គមថ្មីមួយទៀតមិនធ្លាប់មានពីមុនមកនេះ គឺជាការគិតគូរយ៉ាងចិត្តទុកដាក់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារកដែលមានជីវភាពខ្វះខាត។
សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការដាក់ចេញនូវគោលនយោបាយថ្មីនេះ គឺជាការគិតគូរដ៏ល្អិតល្អន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រាលទុកលំបាករបស់ប្រជាពលរដ្ឋទូទៅ បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើរួចមកហើយនូវការឧបត្ថម្ភថវិកាដល់ស្ត្រីជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មការិនីនៅពេលពួកគេសម្រាលកូន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅក្នុងថ្ងៃដាក់ឱ្យដំណើរការនូវកម្មវិធីផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងទារកមកពីគ្រួសារក្រីក្រនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យដោយផ្ទាល់នូវការអនុវត្តន៍កម្មវិធីនេះនៅមន្ទីរពេទ្យបង្អែក «សម្តេចឪ សម្តេចម៉ែ»។
លោករដ្ឋមន្ត្រី បានថ្លែងថា ការសម្រេចដាក់ចេញនូវគោលនយោបាយនេះ គឺជាការបែងចែកនូវផ្លែផ្កាកើតចេញពីការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋខ្មែរ។ លោក ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ដូច្នេះ «ដូចសម្តេចតេជោ លោកបានជម្រាបជាសាធារណៈរួចហើយថាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឺការផ្តល់នូវសមធម៌ជូនដល់ប្រជាជនក្រីក្រ គឺការចែករំលែកធនធានរបស់យើងដល់ជនក្រីក្រ ហើយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្រីក្រមកទទួលសេវាសាធារណៈរបស់យើងប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ម្យ៉ាងទៀតដើម្បីលើកកម្ពស់សុខភាពសាម៉ីខ្លួន ដើម្បីផ្តល់អាហារូបត្ថម្ភទាំងម្តាយ និងកូន»។
គ្រួសារមានជីវភាពក្រីក្រនៅពេលមានកូន ត្រូវប្រឈមការលំបាកជាច្រើននៅក្នុងជីវភាព។ ការសម្រេចឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល បន្ថែមពីលើការមិនយកកម្រៃលើសេវាផ្សេងៗនេះ បានធ្វើឱ្យស្ត្រីជាមាតាមានការរីករាយជាខ្លាំង។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាព Fresh News ស្ត្រីជាមាតា បានលើកឡើងថា ការសម្រេចនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលទៅលើសុខមាលភាពរបស់ពួកគាត់ជាម្តាយ និងកូនៗ។ ស្ត្រីជាមាតាជាច្រើនរូប បានសម្តែងការដឹងគុណ និងអរគុណជាខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន ដែបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភថវិកានេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្នុងដំណាក់កាលដំបូងនេះមានស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួចប្រមាណជា ៥ម៉ឺននាក់ កំពុងស្ថិតនៅក្រោមកម្មវិធីទទួលការឧបត្ថម្ភថវិកា។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការឧបត្ថម្ភនេះ នឹងត្រូវចំណាយថវិកាជិត ៥លានដុល្លារនៅឆ្នាំដំបូង ហើយទឹកប្រាក់កើនដល់ ៧.៧លានដុល្លារ នៅឆ្នាំទី២ និងបន្ដកើនឡើងរហូតដល់ជាង ១០លានដុល្លារនៅឆ្នាំទី៣។ តែទោះជាយ៉ាងណាការចំណាយនេះ នឹងមិនប៉ះពាល់ដល់ចរន្តថវិកាជាតិឡើយ ហើយសម្តេចរំពឹងថា ចំនួននៃការឧបត្ថម្ភនឹងធ្លាក់ចុះមកវិញ នៅពេលកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
យោងតាមសេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានឱ្យដឹងថា ការឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលនេះចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល។
ក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ផងដែរថា ក្នុងករណីកំលុងពេលមានផ្ទៃពោះ ហើយកូនរលូត ក៏ទទួលបានការឧបត្ថម្ភផងដែរ។ ក្នុងនោះបើកូនក្នុងផ្ទៃដែលរលូតមានអាយុ ១២សប្តាហ៍ ទទួលបានការឧបត្ថម្ភប្រាក់ ៤ម៉ឺនរៀលមួយដង។ បើកូនដែលរលូតមានអាយុចន្លោះ ពី១២សប្តាហ៍ ទៅ ២៤សប្តាហ៍ ទទួលបានប្រាក់ឧបត្ថម្ភប្រាក់ ៤ម៉ឺនរៀលចំនួនពីរដង។
រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភផងដែរចំពោះករណីដែលទារកសម្រាលមកហើយ តែបែរជាស្លាប់បាត់បង់ជីវិត។ ចំពោះករណីនេះ ទទួលបានការឧបត្ថម្ភ ២០ម៉ឺនរៀលក្នុងពេលសម្រាល និងនៅពេលទៅពិនិត្យសុខភាព ទទួលបាន ៤ម៉ឺនរៀល ចំនួន ៣ដងបន្ថែមទៀត។
ដោយឡែកក្នុងករណីក្រោយពេលសម្រាលម្តាយស្លាប់បាត់បង់ជីវិតវិញ ថវិកាត្រូវបានឧបត្ថម្ភជូនទៅអាណាព្យាបាលស្របច្បាប់។ ថវិកាត្រូវផ្តល់ចំនួន ២០ម៉ឺនរៀលនៅពេលសម្រាល ហើយត្រូវប្រគល់ចំនួន ១០ដងទៀត ក្នុងមួយដង ៤ម៉ឺនរៀល នៅពេលយកកូនទៅទទួលសេវាថែទាំសុខភាពរហូតដល់កូនអាយុ ២ឆ្នាំ។
ការផ្តល់សាច់ប្រាក់នេះ នឹងត្រូវធ្វើឡើងតាមធនាគារឯកទេស Wing ដែលរាជរដ្ឋាភិបាលបានបង្កើតគណនេយ្យ និងប្រគល់កាត Wing រួចជាស្រេចជូនទៅដល់ស្រ្តីមានបណ្ណសមធម៌ចេញដោយក្រសួងផែនការ និងបណ្ណអាទិភាពចេញដោយមន្ទីរពេទ្យរបស់រដ្ឋ ឬមណ្ឌលសុខភាព៕