(តូក្យូ, ជប៉ុន)៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តកម្មវិធីសន្តិសុខអន្តរជាតិនានា ក្នុងបរិបទនៃការទប់ស្កាត់ និងប្រឆាំងភេរវកម្ម ដើម្បីពង្រឹងសន្តិសុខជាតិ តំបន់ និងពិភពលោក។

ការប្រកាសរបស់លោកបណ្ឌិត គុណ ញឹម បានធ្វើឡើងក្នុងពេលរូបលោកដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចូលរួមសន្និសីទសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោកស្តីពី «គំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើភេរវកម្ម» ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន។ សន្និសីទនេះ ក៏មានការចូលរួមពីគណៈប្រតិភូគយនៃប្រទេសជាសមាជិករបស់អង្គការគយពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងតំណាងគយសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, អង្គការគយពិភពលោក និងអង្គការអន្តរជាតិមួយចំនួនដូចជា UNOCT (UN Office for Counter Terrorism), UNODC, IATA, INTERPOL ជាដើម។

សន្និសីទនេះប្រព្រឹត្តទៅក្រោមអធីបតីភាពរបស់លោក Kunio Mikuriya អគ្គលេខាធិការនៃអង្គការគយពិភពលោក និង លោក Motoya Nakae អគ្គនាយកគយនៃរដ្ឋបាលគយជប៉ុន។

ក្នុងសន្និសីទនេះលោក គុណ ញឹម បានធ្វើបទបង្ហាញអំពីលទ្ធផល និងបទពិសោធន៍នៃការអនុវត្តគម្រោង «សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក» ដោយរដ្ឋបាលគយកម្ពុជា។ លោក បានលើកឡើងថា ក្នុងបរិបទនៃការគម្រាមកំហែងជាសកលដោយអំពើភរវកម្ម រដ្ឋបាលគយកម្ពុជាមិនត្រឹមតែខិតខំប្រមូលចំណូលពន្ធ និងអាករចូលថវិកាជាតិតែប៉ុណ្ណោះទេ, ការងារសន្តិសុខក៏ជាផ្នែកមួយដ៏សំខាន់ក្នុងសសរស្ដមទាំងបួននៃយុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ របស់គយកម្ពុជាផងដែរ។

លោកបន្តថា ការចូលរួមអនុវត្តគម្រោង «សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក» ក៏ជាផ្នែកមួយនៃការអនុវត្តកម្មវិធីការងារ «ពង្រឹងសន្តិសុខ» របស់គយកម្ពុជា ដែលការងារនេះតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ។

ទន្ទឹមនេះ លោកក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ២០១៩-២០២៣» ដែលក្នុងនោះមានការងារជាច្រើនត្រូវអនុវត្តដោយរដ្ឋបាលគយកម្ពុជា។

លោកក៏បានបញ្ជាក់ថា ក្នុងនាមជាសមាជិកអង្គការគយពិភពលោក កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចូលរួមក្នុងកម្មវិធីសន្តិសុខអន្តរជាតិនានា ក្នុងបរិបទនៃការទប់ស្កាត់ និងប្រឆាំងភេរវកម្ម ដើម្បីពង្រឹងសន្តិសុខជាតិ តំបន់ និងពិភពលោក ។

សូមបញ្ជាក់ថា ក្នុងសន្និសីទខាងលើ លោក Kunio Mikuriya បានលើកឡើងពីការវិវត្តន៍គំនិតផ្ដួចផ្ដើមសន្តិសុខរបស់ WCO ដែលបានចាប់ផ្តើមពីកម្មវិធីក្របខណ្ឌស្តង់ដារសន្តិសុខនៃខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ, កម្មវិធីសន្តិសុខជាសកលនៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក។

លោកក៏បានលើកឡើងបន្ថែមអំពីសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងកិច្ចប្រជុំ G7 ដែលបានអនុម័តកម្មវិធីពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្មនៅក្នុងពិភពលោក ហើយអង្គការគយពិភពលោកមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តសេចក្ដីសម្រេច និងកម្មវិធីទាំងនោះ។ ជាក់ស្ដែងនៅឆ្នាំ២០១៧ ដោយមានការឧបត្ថម្ភមូលនិធិដោយរដ្ឋាភិបាលជប៉ុន (ប្រមាណ៧.២៥ លានដុល្លារសហរដ្ឋអាមេរិក) អង្គការគយពិភពលោកបានចាប់ផ្តើមអនុវត្តគម្រោង «សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក» ដោយបានផ្ដល់ការហ្វឹកហ្វឺន បំពាក់ឧបករណ៍ និងការកសាងសមត្ថភាពដល់រដ្ឋបាលគយចូលរួមក្នុងគម្រោងនេះ។

លោកក៏បានសន្និដ្ឋានថា គម្រោងសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក អាចទទួលបានជោគជ័យទៅបាន ទាល់តែមានការចូលរួមយ៉ាងសកម្មរបស់រដ្ឋបាលគយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងស្ថាប័នអន្តរជាតិពាក់ព័ន្ធផងដែរ។

ទន្ទឹមនេះ លោក Motoya Nakae អគ្គនាយកគយជប៉ុន ក៏បានថ្លែងសុន្ទរកថា ស្វាគមន៍អ្នកចូលរួមទាំងអស់ និងសម្តែងអំណរគុណចំពោះ WCO ដែលបានសហការរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ដើម្បីបូកសរុបលទ្ធផលការអនុវត្តគម្រោងផង និងចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” នេះផង ។ លោកបានលើកឡើងថា តួនាទីរបស់គយក្នុងការពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្មកាន់តែលេចធ្លោ ហើយត្រូវបន្តពង្រឹង និងពង្រីកតួនាទីនេះថែមទៀតដើម្បីឆ្លើយតបនឹងការមិនថយចុះនៃអំពើភរវកម្ម។ លោកបន្តថា ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជាកិច្ចប្រជុំ G20 នៅខែមិថុនាខាងមុខនេះ និងកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ក្នុងឆ្នាំ ២០២០ ហើយបានគូសបញ្ជាក់ថាសន្និសីទស្ដីពីសន្តិសុខនេះគឺជាឱកាសដ៏ប្រសើរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការទប់ស្កាត់, ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការពារសន្តិសុខនៅក្នុងប្រទេស និងសកលលោក ។

អង្គសន្និសីទបានស្ដាប់បទបង្ហាញ និងពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ ១) បរិយាកាសសន្តិសុខជាសកល ២) ការគម្រាមកំហែងសន្តិសុខ និងតួនាទីរបស់រដ្ឋបាលគយ ៣) ការតាមដាន និងផ្លាស់ប្ដូរពត៌មានសម្ងាត់នៃសកម្មភាពរបស់ភេរវករ ៤)ការបំបែកនូវខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងបន្សំអាវុធ/គ្រឿងបំផ្ទុះបម្រើសកម្មភាពភេរវកម្ម ៥)ការគ្រប់គ្រងនិងត្រួតពិនិត្យព្រំដែនដើម្បីពង្រឹងសន្តិសុខ និង ៦)ចក្ខុវិស័យសម្រាប់អនាគតនៃតួនាទីរបស់គយក្នុងការពង្រឹងសន្តិសុខ និងប្រឆាំងភរវកម្មជាដើម ។

គួរបញ្ជាក់ថា ក្រោមគម្រោង «សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក» ក្រៅពីការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការទប់ស្កាត់អំពើភេរវកម្ម រដ្ឋបាលគយកម្ពុជាក៏បានទទួលឧបករណ៍/សម្ភារៈមួយចំនួនពីអង្គការគយពិភពលោក ហើយឧបករណ៍/សម្ភារៈទាំងនោះបានដាក់ឲ្យប្រើប្រាស់នៅមាត់ច្រកសំខាន់ៗមួយចំនួន៕