(ភ្នំពេញ)៖ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលជាសមាជិកសម្ព័ន្ធធនាគារជាតិកាណាដា បានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ដើម្បីចាប់ផ្តើមដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន (មូលបត្របំណុល) នៅលើផ្សារមូលបត្រកម្ពុជា (CSX)។

លោក សេង ចាន់ធឿន នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសាជីវកម្ម ក្រុមហ៊ុន SBI Royal Securities ដែលជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រ របស់ ABA បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះថា ABA គ្រោងបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួន មានទំហំទឹកប្រាក់១០០ពាន់លានរៀល ដែលស្មើនឹងប្រមាណ២៥លានដុល្លារអាមេរិក។

ទឹកប្រាក់បានពីការបោះផ្សាយលក់សញ្ញាបណ្ណ នឹងត្រូវយកមកប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជាការបង្កើនចំនួនប្រាក់កម្ចីសម្រាប់អាជីវកម្ម ដែលនឹងគាំទ្រដល់អាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូចនិងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។

លោកចាន់ធឿន បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះ នឹងមានការដាក់សំណើជាផ្លូវការ ទៅកាន់គណៈកម្មការមូលបត្រកម្ពុជា ដើម្បីការអនុម័នចូលទីផ្សារភាគហ៊ុន។

លោកបញ្ជាក់ថា «យើងចង់ឲ្យមានការចូលក្នុងក្រុមហ៊ុនទីផ្សារមូលបត្រ នៅពេលឆាប់ៗខាងមុខនេះ នៅ១ឬ២ខែខាងមុខនេះ»

បើតាមការបញ្ជាក់របស់ លោក ចាន់ធឿន ការបោះផ្សាយលក់មូលបត្របំណុលរបស់ ABA នេះ គឺខុសពីគ្រឹះស្ថានហិរញ្ញវត្ថុមុនៗ ដោយសារតែមូលបត្របំណុលនេះ នឹងលក់ឲ្យវិនិយោគិននូវទំហំតូចៗផងដែរ ដើម្បីឲ្យមានចរន្តដំណើរការ ក្នុងទីផ្សារមូលបត្រ។

លោក សេច ចាន់ធឿន បានព្រលយឲ្យដឹងថា នៅឆ្នាំ២០១៩នេះយ៉ាងតិច មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន២ទៀត នឹងបោះផ្សាយមូលបត្របំណុល ខណៈនៅឆ្នាំ២០២០ មានរឹតតែច្រើនជាងនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ ABA បានឲ្យដឹងថា គិតមកដល់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ទ្រព្យសកម្មរបស់ធនាគារ ABA មានចំនួន៣.៣៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនក្លាយជាធនាគារធំទីបីនៅក្នុងប្រទេសកម្ពុជា៕